(ប្រ៊ុចសែល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ ប្រាប់អោយដឹងថា សហភាពអឺរ៉ុបកំពុងធ្វើការឆ្ពោះទៅរកការដាក់ទណ្ឌកម្មថ្មីលើប្រទេស អ៊ីរ៉ង់ បន្ទាប់ពីបានប្រមូល «ភស្តុតាងគ្រប់គ្រាន់» ដែលថាប្រទេសនេះកំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Nabila Massrali អ្នកនាំពាក្យរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាព អឺរ៉ុបបាននិយាយថា «ឥឡូវនេះ ពួកយើងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ខណៈការងាររបស់យើង កំពុងដំណើរការនៅក្នុងក្រុមប្រឹក្សា (អឺរ៉ុប) ដោយមើលឃើញថា សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាង ច្បាស់លាស់ រហ័ស និងរឹងមាំមួយចំពោះរឿងនេះ»។
នៅថ្ងៃពុធនេះ អ៊ុយក្រែនបានអះអាងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ដែល ផលិតដោយប្រទេសអ៊ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេលជាង១ខែមកនេះ៕
































