(ភ្នំពេញ)៖ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ឌិត ចូសេ រ៉ាម៉ូស ហ័រតា ប្រធានាធិបតីទីម័រ ខាងកើត ចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២ នៅកម្ពុជា នឹងមានការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងធ្វើការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមភាគីទីម័រខាងកើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ នៅវិមានសន្តិភាព ក្រោមអធិតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ឲ្យ ដឹងថា ការចុះកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹក ជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំងពីរ។

ឯកឧត្តម បន្តថា ក្រៅពីនេះកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវប្រយោជន៍ ជូនប្រទេសទាំងពីរដូចជា៖
* បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ លើវិស័យអាកាសចរស៊ីវិល
* សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិ តាមផ្លូវអាកាស
* បង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ
* បង្កើតសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងធុរៈកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍
* បង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរ (Code-sharing Flights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាងប្រទេសទាំង ពីរ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង តាមរយៈការប្រើប្រាស់សិទ្ធិហោះហើរទី៥ (5th Freedom Traffic Rights) ជាដើម។
* អ្នកដំណើរនឹងទទួលបានបទពិសោធន៍ថ្មី គោលដៅថ្មី និងជម្រើសថ្មីប្រកបដោយពិពិធកម្ម ក្នុងការធ្វើដំណើរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (ASAs) និងអនុស្សរណៈយោគយល់ (MOUs) ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកបានចំនួន ៤៧ ប្រទេសហើយ៕

































