(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ គឺ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាសហរដ្ឋអាមេរិក បានទទួលជោគជ័យ ក្នុងការធ្វើតេស្តបាញ់គ្រាប់រ៉ុក្កែតមួយ ដែលផ្ទុកនូវឧបករណ៍សាកល្បងផ្សេងៗ សម្រាប់បម្រើដល់ កិច្ចប្រឹងប្រែងអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង របស់ទីក្រុងវ៉ាស៉ីនតោន។
យោធាអាមេរិកបានឱ្យដឹងថា ក្នុងការធ្វើតេស្តខាងលើ គ្រាប់រ៉ុក្កែតស្រាវជ្រាវមួយ ត្រូវបានបាញ់ បង្ហោះឡើងនៅមូលដ្ឋានតេស្តរ៉ុក្កែតនិងមីស៉ីល Wallops Flight Test Facility ស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) ដើម្បីប្រមូលទិន្នន័យស្តីអំពី សមាសធាតុផ្សំផ្សេងៗ នៃមីស៉ីលល្បឿនលឿនជាងសំឡេង រួមមានទាំងវត្ថុធាតុសម្រាប់ការពារកម្តៅ និងប្រព័ន្ធអេឡេត្រូនិចទំនើបៗ ជាដើម ខណៈការធ្វើតេស្ត នេះគឺដើម្បីគាំទ្រដល់ កម្មវិធីអភិវឌ្ឍអាវុធល្បឿនលឿនជាសំឡេងរួមគ្នា រវាងកងទ័ពជើងគោក និងកងទ័ពជើងទឹកអាមេរិក។

វាគឺជាការធ្វើតេស្តលើកទី២ហើយក្នុងលក្ខណៈបែបនេះ ដែលធ្វើឡើងនៅក្រោមកម្មវិធីខាងលើ ដោយការធ្វើតេស្តលើកទី១ បានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក) រ៉ុក្កែតស្រាវជ្រាវ១គ្រាប់ទៀត នឹងត្រូវបាញ់បង្ហោះ ដើម្បីប្រមូលព័ត៌មាន បន្ថែម។ ទិន្នន័យដែលប្រមូលបានពីការធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារអភិវឌ្ឍកម្មវិធី Conventional Prompt Strike របស់កងទ័ពជើងទឹកអាមេរិក ដែលផ្តោតលើការបាញ់ មីស៊ីលចេញ ពី នាវាចម្បាំងនិងនាវាមុជទឹក ហើយនិងកម្មវិធី Long Range Hypersonic Weapon របស់កង ទ័ពជើងគោកអាមេរិក។ កម្មវិធីទាំងពីរនេះនឹងប្រើប្រាស់ អាវុធល្បឿនលឿនជាងសំឡេងហៅថា Common Hypersonic Glide Body ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ៕
































