រដ្ឋមន្រ្តីការបរទេសអាមេរិកចោទថា ចិនលែងទទួលយកស្ថានភាពដើមទៀតហើយ នៃស្ថានការណ៍តៃវ៉ាន់


 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ គឺ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានអះអាងថា ចិនបានសម្រេចចិត្តលែងទទួលយកតទៅទៀតហើយ នូវស្ថានភាពដើមនៃស្ថានការណ៍តៃវ៉ាន់ ហើយបានចាប់ផ្តើមបង្កើនសម្ពាធ​កាន់តែខ្លាំងឡើង ទៅ លើដែនកោះនេះ។

លោកប្រមុខការទូតអាមេរិកបានលើកឡើងថា ចិនបានផ្លាស់ប្តូរការយល់ជាមូលដ្ឋាន ដែលមានរយៈ ពេលរាប់ទសវត្សរ៍មកហើយ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង ដែលកំណត់ថា បញ្ហាកោះ តៃវ៉ាន់នឹងត្រូវដោះស្រាយដោយសន្តិវិធី។ លោក ប្លីងខិន បាននិយាយដូច្នេះថា «អ្វីដែលបានផ្លាស់ ប្តូរគឺ ការសម្រេចចិត្តដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលថាស្ថានភាពដើមលែងអាច​ទទួលបាន តទៀតហើយ ហើយពួកគេចង់បង្កើនល្បឿនដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់»

លោក ប្លីងខិន បានបន្តថា ចិនក៏បានសម្រេចចិត្តបង្កើនសម្ពាធបន្ថែមលើតៃវ៉ាន់ផងដែរ ហើយរក្សា ទុកនូវលទ្ធភាពនៃការប្រើប្រាស់​កម្លាំងយោធា ដើម្បីសម្រេចគោលដៅរបស់ខ្លួន ប្រសិនបើយុទ្ធ សាស្រ្តដាក់សម្ពាធពុំមានប្រសិទ្ធភាព។ លោកថាទីក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យមានសង្រ្គាមត្រជាក់ ថ្មីទេ ហើយក៏មិនបានព្យាយាមរាំងខ្ទប់ចិនដែរ ប៉ុន្តែលោកបានបន្ថែមថា អាមេរិកគឺមុតមាំនិងក្រោក ឈរជានិច្ច ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

កាលពីសប្តាហ៍មុន លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងថា ទីក្រុងប៉េកាំងកំពុងសម្លឹង ឃើញពេលវេលាលឿនជាងមុន ក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ ប៉ុន្តែលោកមិនបានផ្តល់កាល បរិច្ឆេទជាក់លាក់តែម្តងនោះឡើយ។ ក្នុងខែតុលានេះ ប្រធានាធិបតីចិន លោក​ ស៊ី ជិនពីង បាន និយាយថា ទីក្រុងប៉េកាំងនឹងមិនបោះបង់ចោល ជម្រើសប្រើប្រាស់កម្លាំងយោធាដាច់ខាត ជុំវិញ បញ្ហាកោះតៃវ៉ាន់ ប៉ុន្តែនឹងព្យាយាមផ្តោតលើដំណោះស្រាយដោយសន្តិវិធី៕