រុស្ស៉ី ធ្វើសមយុទ្ធបាញ់មីស៉ីលផ្លោងអន្តរទ្វីប ក្រោយជូនដំណឹងដល់សហរដ្ឋអាមេរិក

(មូស្គូ)៖  យោងតាមដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះត្រួតពិនិត្យផ្ទាល់នូវការធ្វើ សមយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលរួមមានការបាញ់មីស៊ីលផ្លោងអន្តរទ្វីប និង មីស៊ីលគ្រូស (cruise missiles) ជាការបង្ហាញសាច់ដុំយោធាចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា «ក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន វគ្គហ្វឹកហ្វឺនមួយត្រូវបានធ្វើឡើងដោយកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់រុស្ស៉ី ទាំងនៅលើដី ក្នុងសមុទ្រ និងផ្លូវអាកាស ជាមួយនិងការបាញ់ជាក់ស្តែងនូវមីស៉ីលផ្លោង និងមីស៊ីលគ្រូស។ សមយុទ្ធនេះមានគោលបំណងក្លែងធ្វើជាឆ្លើយតបទៅនឹង «ការវាយប្រហារនុយក្លេអ៊ែរដ៏ធំ» ជាការ សងសឹកចំពោះការវាយប្រហារនុយក្លេអ៊ែរណាមួយ មកលើប្រទេសរុស្ស៉ី»

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបញ្ចេញវីដេអូនៃនាវិកនាវាមុជទឹកកំពុងរៀបចំការបាញ់មីស៊ីលបាលីស្ទិកស៉ីណេវ៉ា (Sineva) ចេញពីសមុទ្របារិនស៍ (Barents) ក្នុងតំបន់អាក់ទិក។ កំលុងពេលធ្វើសមយុទ្ធនេះ មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីមូលដ្ឋាន Plesetsk ភាគខាងជើង។ ហើយក៏រួមបញ្ចូលការបាញ់សាកល្បងមីស៉ីលចេញពីតំបន់កាំឆាតកា (Kamchatka) ដែលស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ រីឯយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បាន បាញ់ទម្លាក់គ្រាប់ចំគោលដៅអនុវត្តផងដែរ៕