សម្តេច ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នាទីក្រុងបាងកក ប្រទេសថៃ

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរាត្រីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោមអធិបតីភាព លោក ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកប ដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»  ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ លោក ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត មានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។

លោកបានលើកឡើងថាការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និង ពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាត ជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុង តំបន់ និងពិភពលោកយើងនេះ។

ប្រធាន APPF លើកទី៣០ បានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរ តូនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តី ជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និង លើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកល លោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩។

ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោ បាយ និងសន្តិសុខ នាព្រឹកថ្ងៃទី២៧ ខែតុលា នេះផងដែរ៕