កម្ពុជា-ចិន ចុះអនុស្សារណៈយោគយល់គ្នា ជំរុញការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន


 (ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន បានចុះអនុស្សារណៈយោគយល់គ្នា (MoU) លើការជំរុញ ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិន។

ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមការចូល រួមពីឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម, លោក កៅ កោសល អគ្គនាយកនៃ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ZENG Yomin ប្រធានមជ្ឈមណ្ឌល ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសៀមិន។

ឯកឧត្តម ឈួន ដារ៉ា បានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នានេះ ជាជំហានទីមួយ ក្នុង ការបើកផ្លូវនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន។ លោកសូមកោតសសើរដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្ដីពាក់ព័ន្ធទាំងអស់ ដោយបានខិតខំ ប្រឹងប្រែងជំរុញធ្វើយ៉ាងណា នាំចេញផលិតផលជាផ្នែកកសិកម្ម ពីកម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម បានបន្ដថា សំបុកត្រចៀកកាំ នាំចេញបានកាន់តែច្រើនកាន់តែល្អ ក្នុងដរាបណារក្សា គុណភាពឲ្យបានល្អប្រសើរ ដូច្នេះត្រូវនាំយកនូវបច្ចេកទេសទាំងឡាយ ដែលធ្លាប់ធ្វើនៅបណ្ដា ប្រទេសក្នុងតំបន់ ដែលធ្លាប់នាំចូលទៅកាន់ប្រទេសចិន ដើម្បីឲ្យគយចិនមានទំនុកចិត្តលើផលិត ផលរបស់កម្ពុជា ដូច្នេះទើបអាចជោគជ័យក្នុងការនាំចេញទៅប្រទេសចិនបាន។

លោក កៅ កោសល បានថ្លែងថា អនុស្សារណៈនៃការយោគយល់គ្នានេះ បានផ្តោតទៅលើសកម្ម ភាពនៃ កិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖

១៖ ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ។
២៖ កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ។
៣៖ ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា-ចិន។
៤៖ ការពង្រឹងបណ្ដាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗដូចជា វេទិការធុរកិច្ច ការផ្គូផ្គង ពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាដើម។

លោកបានបន្ថែមថា «អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នឹងបន្តធ្វើកិច្ចការជាមួយមជ្ឈមណ្ឌលនេះ បន្តទៀតដើម្បីដាក់ចេញកម្មវិធីការងារជាក់លាក់មួយ ឈានទៅអនុវត្តអនុស្សារណៈនៃការយោគ យល់គ្នានេះ ឱ្យទទួលបានជោគជ័យ»។

លោក ZENG Yomin បានថ្លែងថា ប្រទេសកម្ពុជាពុំទាន់មានការនាំចេញសំបុកត្រចៀកកាំជាផ្លូវ ការទៅកាន់ប្រទេសចិននោះទេ ដូច្នេះនឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រទេសទាំងពីរ ពិសេសអ្នក ចិញ្ចឹមត្រចៀកកាំនៅកម្ពុជា ដូច្នេះការចុះអនុស្សណៈយោគយល់គ្នានេះ នឹងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន ពិតជារីករាយដោយ បានចុះអនុស្សារណៈ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានាពេលនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជ កម្មឯកជនកម្ពុជានៅទីក្រុងសៀមិន នឹងជួយជំរុញសំបុកត្រចៀកកាំកម្ពុជា នាំចូលទៅកាន់ប្រទេស ចិនដោយជោគជ័យ៕