(ប៉ារីស)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ បញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រជាជនអ៉ីស្រាអែលបាននាំគ្នា ទៅបោះឆ្នោតសកលជាថ្មីម្តង ទៀត ដែលវាគឺជាលើកទី៥ ក្នុងរយៈពេលមិនដល់ ៤ឆ្នាំនោះឡើយ ខណៈអតីតនាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមវិលត្រឡប់ មកកាន់ អំណាចឡើងវិញ។
ការបោះឆ្នោតថ្មីចុងក្រោយគេខាងលើ ធ្វើឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះ ដឹកនាំដោយ នាយករដ្ឋមន្រ្តីចាំផ្ទះ គឺលោក យ៉ាអៀរ ឡាពីដ (Yair Lapid) ដែលបានទម្លាក់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីតំណែងនៅឆ្នាំ២០២១ ក្រោយការកាន់អំណាចសរុប៥អាណត្តិ និងមានរយៈ ពេល១២ឆ្នាំ ប៉ុន្តែទីបំផុតលោក ឡាពីដ នៅតែមិនអាចនាំមកនូវស្ថិរភាពនយោបាយបាន។ ដោយឡែក លោក ណេតាន់យ៉ាហ៊ូ ឯណោះ ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសពុករលួយផង ដែរ។

សម្រាប់លោក ឡាពីដ គឺលោកមានគោលដៅ ចង់នៅបន្តកាន់អំណាចដដែល ខណៈបើតាម លទ្ធផលស្ទង់មតិ គណបក្ស យេស អាទីដ (Yesh Atid) របស់លោក ហាក់នៅក្រោយគណបក្ស លីឃូដ (Likud) របស់លោក ណេតាន់យ៉ាហ៊ូ បន្តិច។ ទោះយ៉ាងណា នរណាក៏ដោយដែលទទួល បាន សិទ្ធិបង្កើតរដ្ឋាភិបាល គឺនឹងនៅត្រូវការការគាំទ្រពីគណបក្សតូចៗ ដើម្បីមានឱកាសក្តោបក្តាប់អាសនៈចំនួន៦១ នៅក្នុងសភា ដែលចាំបាច់សម្រាប់សំឡេងភាគច្រើន៕































