(សេអ៊ូល)៖ តាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ អោយដឹងថា យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់ សាកល្បងមីស៊ីលយ៉ាងហោច ១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ទីក្រុងសេអ៊ូល ទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើក ដំបូង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាង ជើងបានបាញ់តេស្ដមីស៊ីលយ៉ាងហោច ១០គ្រាប់ ជាច្រើន ប្រភេទផ្សេងៗគ្នា នៅថ្ងៃនេះ ឆ្ពោះទៅ កាន់ភាគខាងកើត និងភាគខាងលិច»។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថាលោកប្រធានាធិបតី យូន ស៊ុកយុល បានចេញបញ្ជាឱ្យត្រៀមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងទង្វើបង្កហេតុ ពីកូរ៉េខាងជើងផងដែរ។

សូមបញ្ជាក់ថា មុនដំបូងឡើយ កូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រខាងកើត ឬ សមុទ្រជប៉ុនហើយក្នុងនោះមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង៕
































