អ៊ុយក្រែន អះអាងថាអ៊ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូនប្រយុទ្ធ ២០០គ្រឿងបន្ថែម ឱ្យរុស្ស៉ី


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាអ៊ីរ៉ង់មានផែនការ បញ្ជូនយន្ដហោះដ្រូនប្រយុទ្ធជាង ២០០គ្រឿងបន្ថែមឱ្យ រុស្ស៉ី ខណៈទីក្រុងមូស្គូ កំពុងបង្កើនយុទ្ធនា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ចំពោះមុខរដូវរងាកាន់តែខិតជិត ចូល មកដល់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររដ្ឋាភិបាល ក្រសួងការពារជាតិអ៊ុយក្រែន បាន បញ្ជាក់ថានៅដើមខែវិច្ឆិកានេះ អ៉ីរ៉ង់មានគម្រោងបញ្ជូន យន្ដហោះដ្រូន សាហ៊ីដ ១៣៦ (Shahed-136), យន្ដហោះដ្រូនម៉ូហាជឺ ៦ (Mohajer-6) និងយន្ដហោះដ្រូនអារ៉ាស់ ២ (Arash-2) ជាង២០០ គ្រឿង ឱ្យរុស្ស៉ី។ ក្រសួងការពារជាតិអ៊ុយក្រែន បន្ថែមទៀតថាយន្ដហោះដ្រូនទាំងនេះអាចនឹងត្រូវ បានបញ្ជូនតាមសមុទ្រ កាសព្យៀន (Caspian Sea) ទៅកាន់ ទីក្រុង អាស្ត្រាខាន់ (Astrakhan) របស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា មកទល់នឹងបច្ចុប្បន្ន កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន អត្តឃាតផលិតដោយអ៉ីរ៉ង់ជាង៣០០គ្រឿង ហើយ។ ប៉ុន្តែ អ៊ីរ៉ង់នៅតែបន្តបដិសេធថាខ្លួនមិនបានបញ្ជូនអាវុធឱ្យរុស្ស៉ីនោះទេ៕