(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រទេសសិង្ហបុរី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន១៩ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំទ្វេភាគីថ្នាក់កំពូល ប្រចាំឆ្នាំ នៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ។

អនុស្សរណៈនៃការយោគយល់ (MOU) និងកិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខាក្នុង រយៈពេល ១៤ឆ្នាំមកនេះ និងច្រើនបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលគ្របដណ្តប់លើវិស័យដូចជា ការអភិវឌ្ឍន៍បៃតង និងហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្មអេឡិចត្រូនិក សុខភាពសាធារណៈ កិច្ចសហ ប្រតិបត្តិការនវានុវត្តន៍ និងការផ្លាស់ប្តូរទេសចរណ៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) លើកទី១៨ ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បាននិយាយថា លទ្ធផលនៃកិច្ច ព្រមព្រៀងទាំង១៩ នេះ ពិតជាបានឆ្លុះបញ្ចាំងពី «ស៊ីជម្រៅ និងទូលំទូលាយ» នៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ៕
































