ប្រមុខការទូតអ៊ុយក្រែន អរគុណកម្ពុជាដែលប្រកាន់ជំហរចំពោះសង្គ្រាមអ៊ុយក្រែន ជួយបណ្តុះ បណ្តាលការដោះមីន និងការចូលជាសមាជិក TAC

(ភ្នំពេញ)៖ លោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានប្រកាន់ជំហររឹងមាំចំពោះសង្គ្រាមនៅអ៊ុយក្រែន ផ្តល់ជំនួយលើការបណ្តុះបណ្តាលជំនាញ ដោះមីន រួមទាំងខិតខំដើម្បីឱ្យអ៊ុយក្រែន អាចចូលជាសមាជិក TAC របស់អាស៊ាននាពេលនេះ។

ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។

«ឯកឧត្តម ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅចំពោះការប្រកាន់យកជំហរប្រកប ដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយ ក្រែននិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង ការបរទេសអំពីលទ្ធផលនៃជំនួប។

នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធ ទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុន ផងដែរ។

រដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែលបាន ឆ្លុះបញ្ចាំងតាមរយៈជំនួបកំរិតខ្ពស់សំខាន់ៗនាពេលថ្មីៗនេះ ការឯកភាពគ្នាលើការតែងតាំង និង ផ្លាស់ប្តូរឯក-អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀងក្នុងការបង្កើតអោយ មានកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ៕