(កង់បេរ៉ា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ ប៉ូលិសអូស្រ្តាលីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមចោរព័ត៌មានវិទ្យា ឬហៅថា ហែគឃ័រ (hacker) គឺជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើ ក្រុមហ៊ុនផ្នែកសុខាភិបាលធំមួយរបស់ប្រទេសអូស្រ្តាលី ហើយបានចូលលួចទិន្នន័យរបស់មនុស្ស ចំនួន ៩.៧លាននាក់ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីអូស្រ្តាលីផងដែរ។

អគ្គស្នងការប៉ូលិសហព័ន្ធអូស្រ្តាលី លោក រីស ឃើស័រ (Reece Kershaw) លើកឡើងដូច្នេះថា «យើងជឿជាក់ថា ក្រុមអ្នកនៅពីក្រោយ ការលួចទិន្នន័យសុខភាពនេះ គឺស្ថិតនៅក្នុងប្រទេសរុស្ស៉ី»។ ក្រុមហែគឃ័រ បានចាប់ផ្តើមបញ្ចេញទិន្នន័យ ដែលពួកគេចូលលួចបាន ក្នុងសប្តាហ៍នេះ បន្ទាប់ពី ក្រុមហ៊ុន មេឌីប៊ែង (Medibank) ដែលជាក្រុមហ៊ុនធានារ៉ាប់សុខភាពធំបំផុតរបស់អូស្រ្តាលី បដិសេធបង់ប្រាក់ចំនួន១៥លានដុល្លារអូស្រ្តាលី ឬស្មើនឹង៩.៧លានដុល្លារអាមេរិក ពោលគឺ១លាន ដុល្លារ សម្រាប់ទិន្នន័យមនុស្សម្នាក់ តាមការទាមទាររបស់ពួកគេ។
បើតាមលោក ឃើស័រ សម្រាប់ករណីខាងលើ កងកម្លាំងប៉ូលិសអូស្រ្តាលី នឹងធ្វើការជាមួយខាង ប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ហើយក៏នឹងស្វែងរកការសហការពីសមភាគីនៅក្នុងប្រទេសរុស្ស៉ីផ្ទាល់ ផងដែរ៕































