លោក ហ្សេលេនស្គី បញ្ជាក់ថាកងកម្លាំងពិសេសអ៊ុយក្រែន ចូលក្នុងទីក្រុង Kherson ហើយ

 (កៀវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ ថាកងកម្លាំងពិសេសអ៊ុយក្រែន បានចូលទៅក្នុងទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូង នៃប្រទេសហើយ បន្ទាប់ពីការដកថយរបស់កងទ័ពរុស្ស៉ី និងបានចាត់ទុកថាជាថ្ងៃប្រវត្តិសាស្ត្រមួយ។

ប្រជាជននៅក្នុងទីក្រុងខឺសុន បានចេញមកឈរនៅតាមដងផ្លូវ ដើម្បីអបអរវត្តមានកងទ័ពអ៊ុយក្រែន ក្រោយរុស្ស៉ីបោះបង់ចោលទីក្រុងមួយនេះ ដែលជារដ្ឋធានី នៃតំបន់ខឺសុន និងជាទីដែលលោក ពូទីនបានប្រកាសបញ្ចូលជាឧបសម្ព័ន្ធរុស្ស៉ី។ ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីល្ងាច ថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ។ យើងកំពុងយកតំបន់ភាគខាងត្បូងប្រទេសមកវិញ។ យើងកំពុងយកទីក្រុងខឺសុន មកវិញ»

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី គិតមកទល់នឹងពេលនេះ កងទ័ពអ៊ុយក្រែនបានចូលទៅ ដល់ជាយទីក្រុងខឺសុនហើយ និងកំពុងត្រៀមចូលក្នុង ទីក្រុងមួយនេះ ខណៈកងកម្លាំងពិសេសអ៊ុយ ក្រែនបានចូលទៅក្នុងទីក្រុងខឺសុន រួចទៅហើយ៕