(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះបានអនុម័ត ដំណោះស្រាយមួយ ដែលអំពាវនាវឱ្យរុស្ស៉ីសងថ្លៃខូចខាត សម្រាប់ការបំផ្លិចបំផ្លាញ និងការបាត់ បង់អាយុជីវិតមនុស្ស អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។

ដំណោះស្រាយខាងលើ ដែលត្រូវបានអនុម័តនៅថ្ងៃចន្ទសប្ដាហ៍នេះ ទទួលបានការគាំទ្រពីប្រទេស ចំនួន ៩៤ នៅក្នុងចំណោមប្រទេសជាសមាជិក UN ១៩៣ប្រទេស ហើយដំណោះស្រាយនេះ ក៏បានសង្កត់ធ្ងន់ដែរថារុស្ស៉ីដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ រាល់សកម្មភាពបំពានច្បាប់ អន្តរជាតិ ក្នុងនោះរួមមានទាំងការសងថ្លៃខូចខាត សម្រាប់ស្លាប់ និងអ្នករងរបួស ព្រមទាំងការបំផិ្លចបំផ្លាញនានាដែលបង្កឡើយដោយសកម្មភាព ឈ្លានពានរបស់ខ្លួន។
សូមបញ្ជាក់ថា ប្រទេសចំនួន១៤ បានបោះឆ្នោតប្រឆាំងជំទាស់នឹងដំណោះស្រាយខាងលើ រួម មានរុស្ស៉ី ចិន និងអ៉ីរ៉ង់ជាដើម ខណៈប្រទេសចំនួន ៧៣ បានបោះឆ្នោត អនុបវាទ ក្នុងនោះរួមមាន ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ នេះគឺជាកម្រិតគាំទ្រទាបបំផុតនៅក្នុងចំណោមដំណោះស្រាយចំនួន៥ ពាក់ព័ន្ធនឹងអ៊ុយក្រែនដែល ត្រូវបានអនុម័តដោយមហាសន្និបាត UN ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ មួយវិញទៀត ដំណោះស្រាយដដែលក៏បានទទួល ស្គាល់ដែរលើភាពចាំបាច់នៃការ បង្កើតយន្ដការណ៍ជាលក្ខណៈអន្តរជាតិ ដើម្បីជួសជុលការខូចខាតឡើងវិញរួមទាំងមានការបាត់ បង់អាយុជីវិត រងរបួស និងការបំផ្លិចបំផ្លាញ៕































