លោកជំទាវ យក់ សម្បត្តិ អោយដឹងថា ប្រតិភូអមដំណើរសម្តេចតេជោ ជាង ៤០នាក់ ធ្វើតេស្ត រហ័សមិនមានអ្នក វិជ្ជមានកូវីដ១៩នោះទេ

(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ថា គណៈ ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរុបជាង ៤០នាក់ បន្ទាប់ពីធ្វើ តេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ។

នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកជំទាវ យក់ សម្បត្តិ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើ តេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេស ឥណ្ឌូនេស៊ីវិញ។

បើទោះបីយ៉ាងណា ដើម្បីធានាឱ្យលទ្ធផលកាន់តែប្រាកដនោះ សំណាករបស់គណៈប្រតិភូទាំងអស់ ត្រូវបានយកទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត។ លទ្ធផលយ៉ាងណានោះ លោកជំទាវ យក់ សម្បត្តិ នឹងផ្តល់ព័ត៌មានជាបន្តទៀត។

សម្រាប់ការតេស្តរហ័សមិនមានឃើញនេះ លោកជំទាវ យក់ សម្បត្តិ បានគូសបញ្ជាក់ថា គណៈ ប្រតិភូអាចនឹងមិនមានការឆ្លងពីសម្តេចនោះទេ ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកា របស់មន្ត្រី ជាគណៈប្រតិភូមានភាពរឹងមាំ ព្រោះពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពី ៥ដូសឡើង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ធ្វើឱ្យសម្តេចខកខានការចូលរួមកិច្ចប្រជុំ កំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូហោះមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា នេះ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អធម្មតា ការបរិភោគ និងការសម្រាន គឺធម្មតា៕