(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសវនការជាមួយ Mr. Abdul Rahman Saleh Al-Saleh ប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត ដើម្បី ពិភាក្សាការ ងារស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងសមាគមជាតិទាំងពីរ។

ក្នុងជំនួបខាងលើនេះ Mr. Abdul Rahman Saleh Al-Saleh បានថ្លែងថា នេះជាលើកដំបូងហើយ ដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមកូវ៉ែត បានមកទស្សនកិច្ចផ្ទាល់នៅទីស្នាក់ការកណ្តាលកាក បាទក្រហមកម្ពុជា។ លោកបានបញ្ជាក់ថា បច្ចុប្បន្នអឌ្ឍចន្ទក្រហមកូវ៉ែត បានធ្វើសកម្មភាពមនុស្ស ធម៌ជួយដល់បណ្តាសមាគមជាតិជាង៩០ប្រទេស ដែលជាសមាជិករបស់សហព័ន្ធអន្តរជាតិ ដែល ជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ។
ប៉ុន្តែសម្រាប់កាកបាទក្រហមកម្ពុជា ខាងអឌ្ឍចន្ទក្រហមកូវ៉ែត មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅ ក្នុងប្រទេសរបស់ខ្លួន។ ដោយឡែកចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា អឌ្ឍចន្ទក្រហមកូវ៉ែត និងកាកបាទក្រហមកម្ពុជា នឹងអាចចាប់ផ្តើមទំនាក់ទំនងធ្វើការជាមួយគ្នា ក្នុងការងារមនុស្សធម៌ នេះ។

លោកបន្ដថា នៅល្ងាចថ្ងៃដដែលនេះ លោកនឹងជួបជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ដើម្បីស្វែងយល់ពីការជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ពាក់ព័ន្ធនឹងការផ្តល់ថវិកាទៅ មន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ អឌ្ឍចន្ទក្រហមកូវ៉ែត មានបំណងផ្ញើថវិកានេះ តាមរយៈកាកបាទ ក្រហមកម្ពុជា។
លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះអឌ្ឍចន្ទក្រហមកូវ៉ែត ដែលមាន ចំណាប់អារម្មណ៍ជួយកាកបាទក្រហមកម្ពុជា ហើយចាប់ពីពេលនេះទៅនឹងធ្វើការជាមួយគ្នា។ លោកជំទាវ បានជម្រាបជូនថា ការងារធំៗដូចជាការឆ្លើយតបគ្រោះមហន្តរាយគ្រោះទឹកជំនន់ជា ដើមនោះ រាជរដ្ឋាភិបាលកម្ពុជា មានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងនោះ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ត្រូវសម្លឹងសម្រាប់ទិសដៅអនាគតនោះ គឺការកសាងសហគមន៍ ឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ ដូច្នេះកាកបាទក្រហមកម្ពុជា សូមសំណូមពរឱ្យអឌ្ឍចន្ទ ក្រហមកូវ៉ែត ជួយលើការងារខាងលើនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អឌ្ឍចន្ទក្រហមកូវ៉ែត បានទាក់ទងដើម្បីជួយកាកបាទ ក្រហមកម្ពុជាដែរ ប៉ុន្តែមិនបានដឹងថា និន្នាការរបស់កាកបាទក្រហមកម្ពុជាផ្តោតទៅលើអ្វីខ្លះ តែពេលនេះសមាគមជាតិទាំងពីរ នឹងធ្វើការជាមួយគ្នាឱ្យបានរលូនក្នុងសកម្មភាពមនុស្សធម៌៕
































