(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះទីអារាម សាសនា ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន លើការងារអប់រំផ្សព្វផ្សាយបរិស្ថាន ដល់សាស និក ដើម្បីចូលរួមចំណែករៀបចំប្រទេសកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឃន៏ដោយចីរភាព។
ការវាយតម្លៃបែបនេះ របស់ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជា អធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២ ដោយ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃទាំងពីរគណៈ ព្រះចៅធិការ ព្រះសង្ឃពុទ្ធសាសនា តំណាងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាង សាសនិកឥស្លាម ជាច្រើនរូបទៀត នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

កម្មវិធីប្រកាសជ័យលាភីនេះមានគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីអារាមមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនាបានដាក់អនុវត្តតាំងពីឆ្នាំ២០២១ និងប្រកាសទទួលស្គាល់អារាមដែលបានជាប់ជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២។
ឆ្នាំ២០២២នេះ ជាគឺជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន សហការជាមួយក្រសួងធម្មការ និងសាសនា រៀបចំចលនាប្រឡងប្រណាំង ជ្រើសរើសវត្តអារាមដែលបានអនុវត្តល្អប្រសើរលើការងារបរិស្ថាន សំដៅដល់ការប្រតិបត្តិមេត្រីភាពបរិស្ថាន និងការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាននៅតាម សហគមន៍។

សម្រាប់ការវាយតម្លៃជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំនេះ ក្រសួងបរិស្ថាន និងប្រសួងធម្មការ និងសាសនា បានជ្រើសរើសអារាមចំនួន០៣ ដែលបានជាប់ជ័យលភី ក្នុងចំណោម អារាមចំនួន ៣៤ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំងក្នុងឆ្នាំ២០២២៕

































