(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើងជាលំដាប់ ប៉ុន្តែលោកទទូចថាទីក្រុងមូស្គូនឹងមិន ប្រើប្រាស់អាវុ ធនុយក្លេអ៊ែរមុននោះទេខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ក្រោយទីក្រុងមូស្គូចោទប្រកាន់ថាអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពស្ថិតនៅយ៉ាង ជ្រៅក្នុងទឹកដីរុស្ស៉ី។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធសប្ដាហ៍នេះក្រុមប្រឹក្សា សិទ្ធិមនុស្សរុស្ស៉ី ជាមួយការសង្កត់ធ្ងន់ដែរថារុស្ស៉ីនឹងការពារខ្លួនឯង ដោយប្រើប្រាស់គ្រប់មធ្យោ បាយដែលខ្លួនមាន។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯង មិនបាននោះទេ។ យើងដឹងច្បាស់ថាអ្វីទៅ ជាអាវុធនុយក្លេអ៊ែរ។ យើងមានអាវុធទំនើបៗជាច្រើនដែលប្រទេសដទៃគ្មាន…ប៉ុន្តែយើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារមុន»។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៉ីក៏អាចនឹងត្រូវប្រយុទ្ធនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន សម្រាប់ រយៈពេលវែងផងដែរ ខណៈពន្លឺនៃកិច្ចចរចាស្វែងរកសន្តិភាព បញ្ចប់សង្រ្គាម កំពុងស្ថិតនៅក្នុងភាព ស្រពិចស្រពិល៕
































