ឯកឧត្តម អ៊ាង សុផល្លែត លើកឡើងថា ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាចលនាជួយ ជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក

 (ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពី សំណល់ប្លាស្ទិក។ ប្រសិនបើប្រជាជនគ្រប់រូប រួមគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់ នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី «ការកាត់បន្ថយ ការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» នៅ សណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អន្តរក្រសួង អង្គការ ដៃគូ អភិបាលរាជធានីខេត្ត មន្ទីរបរិស្ថានរាជធានីខេត្ត និងវិស័យឯកជន ជាច្រើនរូបទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងថា ការដាក់ឱ្យអនុវត្តនូវវិធានការគោលនយោបាយនេះ គឺជាការ បោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការ រៀបចំគោលនយោបាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើការ កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យសម ស្របតាមគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ២០២០-២០៣០ ក៏ដូចជា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ការគិតគូររៀបចំ និងការអនុវត្ត វិធានការគោលនយោបាយនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់ រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅ ដើម្បី សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ លោកបានជំរុញ លើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាសនៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុ ធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមានអង្ករ និងដំឡូងមីជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អ ចំពោះបរិស្ថាន។

បើតាម ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិត ផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែល ប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ។

ឯកឧត្តម បានបន្តថា ក្នុងមួយឆ្នាំ មានសំណល់ប្លាស្ទិក ប្រមាណពី ៨ ទៅ៩លានតោន បានហូរ ចូលទៅក្នុងសមុទ្រ ហើយសំណល់ទាំងនេះ នឹងបំបែកបង្កើតជាពពួក មីក្រូ និងណាណូប្លាស្ទិក ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានសមុទ្រ។ ជាពិសេស មីក្រូ និងណាណូប្លាស្ទិកនេះ ក៏ជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ព្រោះវាអាចឆ្លងចូលចង្វាក់អាហារមកក្នុងខ្លួន មនុស្ស និងចូលទៅក្នុងសរសៃឈាម។

លោក ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានគូស បញ្ជាក់ថា៖ «ប្រភេទប្លាស្ទិក ដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ»

ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» ដែលត្រូវបានអនុម័តដោយរាជ រដ្ឋាភិបាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងនោះ ចែកចេញជា ៣វិធានការគោលនយោបាយ ដូចខាងក្រោម៖

ទី១៖ ជំរុញការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក
ទី២៖ ជំរុញការប្រើប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យ ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិក
និងទី៣៖ បង្កើនការយល់ដឹង ការអប់រំ ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់ បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក៕