វិមានក្រឹមឡាំង៖ ប្រព័ន្ធការពារមីស៉ីល Patriot នឹងក្លាយជាគោលដៅស្របច្បាប់របស់កងកម្លាំងរុស្ស៉ី

 (មូស្គូ)៖  យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ គឺ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រព័ន្ធការពារមីស៉ីល ប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយ ជាគោលដៅវាយប្រហារស្របច្បាប់នៃកងកម្លាំងរុស្ស៉ី ប្រសិនបើប្រព័ន្ធមីស៊ីលនេះ ត្រូវបានបញ្ជូនទៅ ឱ្យអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរបស់ខ្លួនមែននោះ។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) កាលពីថ្ងៃពុធសប្តាហ៍នេះ បានព្រមានអង្គការណាតូ (NATO) ប្រឆាំងនឹងការផ្តល់ឲ្យទីក្រុងកៀវ នូវប្រព័ន្ធការពារមីស៊ីល Patriot ខណៈវិមានក្រឹមឡាំងនឹងចាត់ទុកសកម្មភាពនេះជាការបង្កហេតុ។

អ៊ុយក្រែន បាននិងកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បង្កើនការផ្តល់ប្រព័ន្ធការពារ ដែនអាកាស ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ព្រមជាមួយនឹង ការប្រកាសពីជោគជ័យនៃ កងកម្លាំងរបស់ខ្លួន ដែលបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ីចំនួន ១៣គ្រឿង ដែលត្រូវបាន បាញ់បង្ហោះឆ្ពោះទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នទាំងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់ការ ប្រយុទ្ធគ្នា ដែលកំពុងតែក្ដៅគគុកនៅភាគខាងកើត និងខាងត្បូងរបស់ អ៊ុយក្រែន ខណៈទីក្រុងមូស្គូ បន្តបាញ់មីស៊ីល និងយន្តហោះដ្រូន ទៅលើទីតាំងថាមពល និងទឹក នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ផងដែរ៕