(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា នៅទីបំផុតទៅ អ៉ីរ៉ង់ត្រូវបានបណ្ដេញចេញពីស្ថាប័នសិទ្ធិស្ត្រីរបស់អង្គការ សហប្រជាជាតិ (UN) ក្រោមការជំរុញដោយសហរដ្ឋអាមេរិក ដែលចោទថារដ្ឋាភិបាលអ៊ីរ៉ង់ នៅតែ បន្តបង្ក្រាបយ៉ាងហិង្សាលើបាតុកម្មតវ៉ានៅទូទាំងប្រទេស។
សមាជិកទាំង៥៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោត នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីអនុម័តលើសេចក្ដីព្រាងស្នើឡើងដោយអាមេរិក ដែលចង់បណ្ដេញ អ៊ីរ៉ង់ចេញពីគណៈកម្មការស្ដីពីស្ថានភាពស្ត្រី (Commission on the Status of Women) ដោយ ចោទថារដ្ឋាភិបាល់អ៉ីរ៉ង់សព្វថ្ងៃ បានបំពានលើសិទ្ធិស្ត្រី ជាលក្ខណៈប្រព័ន្ធ។ ការបោះឆ្នោតបណ្ដេញអ៉ីរ៉ង់ចេញពីគណៈកម្មការនេះ ធ្វើឡើងក្នុងសំឡេងគាំទ្រ ២៩ ទល់នឹង ៨សំឡេងជំទាស់ និងអនុបវាទចំនួន ១៦។

ថ្លែងនៅលើបណ្ដាញ Twitter ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានគូសបញ្ជាក់ ដូច្នេះថា «សមាជិក UN ទើបតែបានបោះឆ្នោតបណ្ដេញអ៉ីរ៉ង់ចេញពីគណៈកម្មការស្ដីពីស្ថានភាពស្ត្រី…ស្ត្រី និងសកម្មជនអ៉ីរ៉ង់ បានអំពាវនាវឱ្យពួកយើងបានធ្វើដូច្នេះ ហើយ នៅថ្ងៃនេះយើងបានធ្វើរួចរាល់ហើយ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាដ៏ចលាចល ចាប់តាំងពីខែកញ្ញាមក ម្ល៉េះ បន្ទាប់ពីស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោយត្រូវបាន ប៉ូលិសសីលធម៌អ៊ីរ៉ង់ចាប់ខ្លួន ដោយចោទថាស្លៀកសម្លៀកបំពាកមិនសមរម្យ។ បើតាមអង្គការសិទ្ធិមនុស្ស មនុស្សយ៉ាងហោច ៤៥០នាក់បានស្លាប់នៅក្នុង ចាប់បាតុកម្មតវ៉ានេះ ខណៈអាជ្ញាធរអ៉ីរ៉ង់អះអាងថាអ្នកស្លាប់មាន ២០០នាក់៕
































