ក្រសួងសេដ្ឋកិច្ច អោយដឹងថា ១០ខែ ចំណូលថ្នាក់ជាតិសម្រេចបានជាង ៥ពាន់លានដុល្លារ, ចំណាយជាង ៤.៨ពាន់លាន មានអតិរេកជាង ៣៥០លានដុល្លារ


 (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២២ ការប្រមូល ចំណូលថ្នាក់ជាតិ សម្រេចបាន ២១ ០២៨ ប៊ីលានរៀល ស្មើនឹងប្រមាណជាង ៥ពាន់លានដុល្លារ ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិមាន ១៩ ៥៨៧ ប៊ីលានរៀល ស្នើនឹងប្រមាណ ៤.៨ពាន់ លានដុល្លារ។

ការអនុវត្តថវិកាថ្នាក់ជាតិនេះ ធ្វើឲ្យមានអតិរេក (ចំណូលច្រើនជាងចំណាយ) សរុប១ ៤៤១ប៊ីលាន រៀល ស្មើនឹងប្រមាណជាង ៣៥០លានដុល្លារ។

របាយការណ៍ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល ប្រចាំខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចបាន បញ្ជាក់ថា «បន្ទាប់ពីខកខាននូវការសម្រេចបានអតិរេក ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា (គឺ១០ខែដើម ឆ្នាំ២០២០ និងឆ្នាំ២០២១) ដោយសារវិបត្តិជំងឺកូវីដ-១៩, ការអនុវត្តថវិកាជាតិឆ្នាំ២០២២ ចាប់ផ្តើម សម្រេចបានអតិរេកមកវិញ តែស្ថិតក្នុងកម្រិតទាបជាង ឆ្នាំ២០១៩»

ការប្រមូលចំណូលចំណូលសម្រាប់ឆ្នាំ២០២២នេះ រំពឹងអាចសម្រេចបាន លើសផែនការដែល បានកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ បើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ២០២១ ការប្រមូលចំណូលសរុបថ្នាក់ជាតិ កើនឡើង ២១.៨៩% ក្នុងនោះចំណូលពន្ធកើនឡើង ២៧.៥៨% ចំណូលមិនមែនពន្ធកើនឡើង ២៦.៦១% តែផ្ទុយទៅវិញ ចំណូលពីអំណោយធ្លាក់ចុះ ៤៦.៨៧%។

ការកើនឡើងខ្ពស់នៃការប្រមូលចំណូលពន្ធ គឺគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណូល និងប្រាក់ ចំណេញ (រូបវន្តបុគ្គល និងនីតិបុគ្គល) និងចំណូលពន្ធលើទំនិញ និងសេវាប្រើប្រាស់ ដែលបានកើន ឡើង ២៧.០៤% និង២៨.៧៦% រៀងគ្នា ខណៈដែលកំណើននៃការប្រមូលចំណូលមិនមែនពន្ធ គាំទ្រដោយចំណូលពីប្រៃសណីយ៍ និងទូរគមនាគមន៍ និងចំណូលពីការផ្តល់ទិដ្ឋាការ ដែលបាន កើនឡើង ១៥០.០៧% និង៦៤.៤៣%។

ជាមួយគ្នានេះ ការអនុវត្តចំណាយ សរុបថ្នាក់ជាតិថយចុះ ៨.៩១% ក្នុងនោះ ចំណាយមូលធនថយ ចុះ ១៥.២០% (ចំណាយដោយហិរញ្ញប្បទានក្នុងស្រុក ថយចុះ ១២.៥១% និងចំណាយដោយ ហិរញ្ញប្បទានក្រៅស្រុក ថយចុះ ១៧.៩៥%) និងចំណាយចរន្ដ ថយចុះ ៥.៤៥%៕