(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអញ្ជើញបិទវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ ឆ្នាំ២០២២ ដែលជាវេទិកាដើម្បីរំលឹកខួបមិត្តភាព និងភាពជាដៃគូរយៈពេល ៣០ឆ្នាំ រវាងអាស៊ាន-ឥណ្ឌា។
វេទិកានេះ បានប្រារព្ធធ្វើឡើងដោយគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ (COSTI) សហការជាមួយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (រដ្ឋាភិបាលឥណ្ឌា) និងមូលនិធិនវានុវត្តន៍ជាតិ (NIF) ប្រទេសឥណ្ឌា ដែលប្រព្រឹត្ដទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឳកាសបិទវេទិកានេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរថា ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ផ្តល់នូវវេទិកាសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការចែករំលែកបទ ពិសោធន៍ និងឧត្តមានុវត្តន៍នៃឫសគល់នវានុវត្តន៍ ក្នុងចំណោមសហគមន៍អាស៊ាន និងឥណ្ឌា។
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តថា «ខ្ញុំមានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌានឹងកាន់តែទូលំទូលាយ ហើយយើងនឹងចែករំលែកអនាគតដ៏ត្រចះត្រចង់ជាមួយគ្នា»។
ក្នុងវេទិកានោះ ក៏មានវគ្គសិក្ខាសាលាស្តីពីឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំងពិពណ៌នវានុវត្តន៍ ដោយមានការចូលរួមពី ប្រទេសឥណ្ឌា និងរដ្ឋសមាជិកអាស៊ានផងដែរ។

ក្នុងនោះ ជយលាភីលេខ១ ផ្នែកឫសគល់នវានុវត្តន៍ បានទៅលើឈ្មោះ Shalini Kumari មកពី ប្រទេសឥណ្ឌា និងជយលាភីលេខ១ ផ្នែកនវានុវត្តន៍ជាសិស្សបានទៅលើឈ្មោះ Napaschol Inthapan មកពីប្រទេសថៃ។
ការប្រកួតប្រជែងឫសគល់នវានុវត្តន៍មានបេក្ខជន-បេក្ខនារីចូលរួមប្រកួតចំនួន ៤៥រូប ដោយជយ លាភីលេខ១ ដែលបានទៅកញ្ញា Shalini Kumari ទទួលបានរង្វាន់ ១,៥០០ដុល្លារ សម្រាប់ នវានុវត្តន៍របស់គាត់ ដោះស្រាយបញ្ហាសម្រាប់ជនពិការ ដោយប្រើប្រាស់ជើងដែលកែតម្រូវបាន (Modified walker with adjustable legs)។

វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ រយៈពេល៣ថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ ដោយអ្នកចូលរួមបានទទួលនូវការរៀនសូត្រជាច្រើនពីវាគ្មិនជាច្រើនរូប ដែលការណ៍នេះបានទាក់ ទាញគណៈប្រតិភូ និងសិស្ស-និស្សិតចូលរួមប្រមាណ ៣,០០០នាក់ មកពីរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា និងមានប្រទេសចំនួន ០៩ បានដាក់តាំងនវានុវត្តន៍បច្ចេកវិទ្យាប្រមាណជា ១០០ ផងដែរ។ តាមរយៈការប្រមូលផ្តុំតួអង្គសំខាន់ៗ កម្មវិធីនេះបានផ្តល់ជាវេទិកាមួយដើម្បីលើកកម្ពស់ និងពង្រឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃឫសគល់នវានុវត្តន៍៕

































