វត្តអង្គសិលាមុនី ហៅ(វត្តថ្ម ស) ប្រារព្ធពិធីបុណ្យឆ្លង សីមា ៩ទិស នឹងផ្កាសាមគ្គី

   ខេត្តកោះកុង៖ នៅរសៀលថ្ងៃ អង្គារ៍ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិង ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២២ ព្រះចៅអធិការវត្ត អង្គសិលា មុនី (វត្តថ្មស) ស្ថិតនៅឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ទាំងមូល បានមូលមតិគ្នាជាឯកច្ឆ័ន ប្រារព្ធពិធី បុណ្យឆ្លងព្រះអង្គ សីមា ៩ទិស រូបព្រះគោ ព្រះកែវ និង សុវណ្ណសាម។ដែលបានកសាងរួចរាល់ជាស្ថាពរហើយនោះដើម្បីប្រមូលបច្ឆ័យ យកមកកសាង សមិទ្ធិផលដែល កំពុងកសាងនាពេលបច្ចប្បន្ននេះបន្តទៀត។ 

តាមការលើកឡើង ពី លោក អ៊ិក គួន មេឃុំថ្មស បានអោយដឹងថា៖ រឿងព្រេងនិទានរបស់ខ្មែរ បូកផ្សំជាមួយដើមស្វាយ និងដើមពោធិ បានបន្សល់ ទុកជាតឹកតាងដល់សព្វថ្ងៃ បញ្ជាក់ភ័ស្តុតាង ថា ព្រះគោព្រះកែវ ពិតជាបានចាប់កំណើតនៅក្នុងភូមិស្រះចក (បច្ចុប្បន្ន) ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

  លោកថា៖ ក្នុងនោះដែរ និសិត្សវិទ្យាស្ថានជាតិគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងអំឡុងឆ្នាំ ២០០១ ក៏បានចារឹកអក្សរលើផ្ទាំងថ្មមួយផ្ទាំងនៅកន្លែងទីកំណើតព្រះគោព្រះកែវ ដោយបានទទួលស្គាល់ថា ដើមស្វាយ១ដើម នៅចំណុចដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំលង្វែកកំពុងគោរពបូជា ពិតជា កន្លែងទីកំណើតរបស់ព្រះគោព្រះកែវ។

លោក អ៊ិក គួន បាន្តថា កន្លងមក លោកធ្លាប់បានជួបជាមួយ លោកយាយ ម្នាក់ឈ្មោះ កែវ សារុំ អាយុ ៧៨ ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ រស់នៅភូមិ ស្រះចក ឃុំលង្វែកដែលបាន ដឹងប្រវត្តិរឿងព្រះ គោព្រះកែវពីឪពុកម្តាយ និងចាស់ៗតៗគ្នានៅក្នុងភូមិបានដឹងថា ម្តាយព្រះគោព្រះកែវឈ្មោះ នាង មាលា មានប្តីជាកសិករ ពេលពរពោះព្រះគោព្រះកែវ ជិតគ្រប់ខែ ថ្ងៃមួយ បានឃើញផ្លែស្វាយខ្ចី ១ផ្លែនៅចុងស្វាយ ដោយឃ្លានពេកក៏បានអង្វរអោយប្តីឡើងបេះស្វាយអោយឆី។ ប៉ុន្តែប្តីបានចាំ បណ្តាំគ្រូទាយប្រាប់ថា ប្រយត្ន័ប្រពន្ធមានគ្រោះថ្នាក់ដោយសារផ្លែស្វាយ ប្តីក៏បានប្រកែកថា បងឈឺ ជើងមិនអាចឡើងបេះស្វាយឲ្យអូនបានទេ ចាំបងទៅរកឬស្សីវែងៗមកបេះឲ្យឆី ។ ការដោះសារ បែបនេះព្រោះតែប្តីខ្លាចប្រពន្ធឆីផ្លែស្វាយនោះទៅមានគ្រោះថ្នាក់។

ខណៈពេលដែលប្តីទៅរកឬស្សីមកបេះផ្លែស្វាយយូរពេក នាងមាលា ក៏រកបានបង្អោងឬស្សី១ដើម មកដាក់ឡើងបេះផ្លែស្វាយនោះដោយខ្លួនឯង ហើយក៏បានជាន់មែកស្វាយនៅចុងមែក បាក់ធ្លាក់ មកដី ស្លាប់ ក្នុងគ្រានោះតែម្តងទៅ។ ក្នុងពេលនោះដែរ ព្រះគោដែលជាសត្វគោមានបុណ្យចេះ និយាយភាសាមនុស្សក៏បានកើតមក ចំណែកព្រះគោនៅក្នុងផ្ទៃម្តាយក៏ត្រូវបានព្រះគោជាកូន ប្រាប់ឲ្យឪពុកវះពោះម្តាយយកប្អូនកែវ កើតចេញមក ។ ក្រោយមក អ្នកស្រុកក្នុងភូមិនាំគ្នាគិតថា មនុស្សកើតកូនមកជាគោ ចង្រៃដល់ភូមិស្រុក ក៏បាននាំគ្នាទៅសម្លាប់បុរសជាឪពុក និងព្រះគោ ព្រះកែវ តែត្រូវព្រះគោនាំឪពុកនិងប្អូន ហោះរំលងស្ទឹងគេចខ្លួនពីការកាប់សម្លាប់របស់ អ្នក ស្រុក ទៅរស់នៅក្នុងព្រៃភ្នំ រៀនសូត្រសីលមន្តវិជ្ជាការ។ ក្រោយមក ព្រះកែវបានឡើងជាស្តេចខ្មែរ គ្រប់គ្រងព្រះនគរសម័យនោះទៀតផង។

លោក អ៊ិក គួនបានបន្តថា៖ ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានផ្ទះលក់ដូរ នៅជិតទីតាំងដើមស្វាយដែលអ្នកស្រុកមានកសាងរូបសំណាកព្រះគោព្រះកែវក្នុងភូមិឃុំខាងលើ និយាយថា មុនជំងឺកូវីដវាយលុក នៅទីតាំងដើមស្វាយព្រះគោព្រះកែវនេះគឺមានភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកស្រុកមកពីទីជិតឆ្ងាយ មកទិញផ្លែឈើនិងយកដង្វាយមកបន់ស្រន់ ដល់ព្រះគោព្រះកែវ ជារៀងរាល់ថ្ងៃមិនដាច់ឡើយ ពិសេសថ្ងៃសីល ព្រោះតែពួកគាត់មានជំនឿថា ព្រះគោព្រះកែវ មានបារមីស័ក្តិសិទ្ធិបន់ស្រន់បានដូចបំណង។

   លោក អ៊ិក គួន បានបន្ថែមទៀតថា៖ ប៉ុន្តែក្រោយពេលមានជំងឺកូវីដរាតត្បាត រហូតដល់ពេល នេះពុំមានអ្នកមកបន់ស្រន់យកដង្វាយមកថ្វាយនោះទេ។ តែទោះបីយ៉ាងណា អ្នកស្រុកក្នុងមូល ដ្ឋានជឿជាក់ថា ពេលអស់ជំងឺកូវីដ ប្រជាពលរដ្ឋដែលមានជំនឿលើបារមីព្រះគោព្រះកែវ ពិតជាមក គោរពបូជារូបសំណាក ព្រះគោ ព្រះកែវ នៅទីនេះជាបន្តទៀត។

  សូមបញ្ជាក់ថា៖ ចុងបញ្ចប់នៃពិធីបុណ្យឆ្លង សីមា ៩ទិស នឹងផ្កាសាមគ្គីនេះ  ក៏មានពិធីនិមន្តព្រះ សង្ឃជាច្រើនអង្គដើម្បីរាប់បាទប្រគេនចង្ហាត់ទេយ្យវត្ថុជាកិច្ចបញ្ចប់នៃពិធីបុណ្យផងដែរ៕ ដោយ កែវ វង