(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមាន កំណើនរហូតដល់ ១៩ភាគរយ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហាញនូវក្តីរំពឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់មិត្តចិន នឹង មានកំណើនកាន់តែច្រើនថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបាន ចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងមក។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកការដ្ឋានស្តារ និង លើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់១៩ភាគរយ ហើយ នៅពេលខាងមុខ ខ្ញុំជឿថាយើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់ តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត»។

ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។
ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿង អេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុង ជាដើម។ សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពី ខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។

ការខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជា ឲ្យរីកកាន់តែធំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ៕
































