ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាកៀនជង្រុក ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងប្រកាសផ្តល់ជូនអាគារសិក្សា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
(ពោធិ៍សាត់)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញធ្វើទស្សនកិច្ច នៅសាលាបឋម សិក្សាកៀនជង្រុក ស្ថិតនៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមាន ការចូលរួមរបស់លោក ខូយ រីដា អភិបាលខេត្តពោធិសាត់ និងលោកអភិបាលស្រុកវាលវែង ព្រម ទាំង ក្រុមប្រឹក្សាឃុំអូរសោម និង មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ បានជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុ សិស្ស និងបានប្រកាសផ្តល់នូវអំណោយអាគារសិក្សាចំនួន១ ខ្នង៦បន្ទប់, បន្ទប់ទឹកចំនួន១ខ្នង មាន៥បន្ទប់, ទីចាត់ការ, ដងទង់ជាតិថ្មី, ក្លោងទ្វារសាលា និងរបងព័ទ្ធជុំវិញ ព្រមជាមួយនឹងថវិកា មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយដោះស្រាយតម្រូវការចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យកុមារា កុមារី ក៏ដូចជា លោកគ្រូ និងអ្នកគ្រូ មានអគារសិក្សាសមរម្យ ក្នុងបុព្វហេតុនៃការកសាងធនធានមនុស្ស ដែលជាអាទិភាព ចម្បងរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ជូនដែរថា ឃុំអូរសោម មានសាលាបឋមសិក្សាចំនួន ៣។ ដោយឡែក សាលាបឋម សិក្សាកៀនជង្រុកនេះ មានគ្រូសរុប ៥នាក់ ស្រី៣នាក់ និងមានសិស្សសរុប១៧៦នាក់ ស្រី៧៦នាក់ និងមានសិស្សមត្តេយ្យចំនួន ៣០នាក់ ស្រី១៣ នាក់។ ឃុំអូរសោមមានប្រជាពលរដ្ឋ សរុបចំនួន ៤៤៣៥ នាក់ ដែលជាតំបន់អេកូទេសចរដ៏ល្បីមួយ ស្ថិតក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់៕
































