(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ គឺ បានអោយដឹងថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានទទួល ស្គាល់ថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាកំពុងពិភាក្សាលើការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

ការទទួលស្គាល់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងខាងលើ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមិនបានពិភាក្សាពី ការធ្វើ សមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូង នោះទេ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើសហរដ្ឋអាមេរិកពិតជាកំពុងពិភាក្សាពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ជាមួយ កូរ៉េខាងត្បូង ដែរឬក៏យ៉ាងណា? លោក បៃដិន បានឆ្លើយយ៉ាងខ្លី «ទេ»។ ប៉ុន្តែ ខាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថាលោក បៃដិន ឆ្លើយថាទេ គឺដោយ សារតែលោកគ្មាន ជម្រើស ពីព្រោះលោកត្រូវបានសាកសួរតើប្រទេសទាំង២ ពិតជាកំពុងពិភាក្សា ពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាដែរឬទេ ហើយណាមួយការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ជាទូទៅ អាច ធ្វើឡើងទៅបានរវាងរដ្ឋនុយក្លេអ៊ែរ និងរដ្ឋនុយក្លេអ៊ែរតែប៉ុណ្ណោះ។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រទេសទាំង២ (កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក) កំពុងពិភាក្សា ពីមធ្យោ បាយលើចែករំលែកព័ត៌មានស្ដីពីការធ្វើប្រតិបត្តិការអាវុធនុយក្លេអ៊ែរដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងកំពុងរៀបចំផែនការធ្វើសមយុទ្ធរួមគ្នាផងដែរ»៕
































