តម្លៃផ្ទះនៅប្រទេសចិនធ្លាក់ចុះក្នុងល្បឿនកាន់តែលឿននៅក្នុងខែធ្នូ

(ប៉េកាំង)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា យោងតាមការស្ទង់មតិឯកជនមួយកាល ពីថ្ងៃអាទិត្យ តម្លៃផ្ទះនៅប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនកាលពីខែធ្នូ ដោយឆ្លុះ បញ្ចាំងពីតម្រូវការទន់ខ្សោយជាបន្តបន្ទាប់ក្នុងគ្រាដែលមានការកើនឡើងករណីឆ្លងជំងឺកូវីដ ទោះបី ជាមានវិធានការគាំទ្រច្រើនក៏ដោយ។

វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានកើតមានកាន់តែធ្ងន់ធ្ងរឡើងក្នុងរដូវក្តៅនេះ ដោយ ទិន្នន័យផ្លូវការបង្ហាញថា តម្លៃផ្ទះ ការលក់ និងការវិនិយោគសុទ្ធតែបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗនេះ ដោយបន្ថែមសម្ពាធលើសេដ្ឋកិច្ចដែលកំពុងថមថយសន្ទុះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលន្រព្យឯករាជ្យដ៏ធំបំផុតមួយ របស់ប្រទេសចិនថា តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះរយៈពេល ៦ខែជាប់ៗគ្នាគិត ត្រឹមខែធ្នូ ដោយបានធ្លាក់ចុះ ០,០៨ភាគរយធៀបនឹងខែវិច្ឆិកាជាពេលដែលបានធ្លាក់ចុះ ០,០៦ ភាគរយ។

ការស្ទង់មតិនេះបានបង្ហាញថា ក្នុងចំណោមទីក្រុងទាំង១០០ ទីក្រុងចំនួន៦៨ បានប្រកាសពីការ ធ្លាក់ចុះតម្លៃផ្ទះប្រចាំខែ ធៀបនឹងទីក្រុងចំនួន៥៧ នៅក្នុងខែវិច្ឆិកា។

ប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កើនការគាំទ្រសម្រាប់ឧស្សាហកម្មនេះក្នុងគោលបំណងបន្ធូរបន្ថយកង្វះសាច់ប្រាក់ងាយស្រួលដែលកើតមានក្នុងរយៈពេលយូរ ដែលបានប៉ះពាល់ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការពន្យារពេលការបញ្ចប់គម្រោងលំនៅឋានជាច្រើន ដែលធ្វើឱ្យប៉ះ ពាល់ដល់ទំនុកចិត្តរបស់អ្នកទិញបន្ថែមទៀត។ វិធានការទាំងនេះរួមមានទាំងការលុបចោលការហាមឃាត់លើការប្រមូលមូលិធិតាមរយៈការផ្តល់ភាគហ៊ុនសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មានរ៉យទ័រ៕