១ឆ្នាំនៃការចូលជាធរមាន! កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


 (ភ្នំពេញ)៖ មន្រ្តី អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយបានអនុវត្តក្នុងរយៈពេល ១ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ តាមរយៈការពង្រីក នូវការផលិតកម្ម ​ទាក់ទាញវិនិយោគិន និងលើកកម្ពស់ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តា ប្រទេសជាដៃគូឱ្យកើនឡើងទ្វេដង។

កិច្ចព្រមព្រៀង RCEP ​មានសមាជិកចំនួនប្រទេស​១៥ ​មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, ​វៀតណាម, ​ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងការចូលជាធរ មាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជ កម្មជាមួយបណ្តាប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំជាង ២៨ពាន់លាន ដុល្លារកើនឡើង៧% ក្នុងនោះកម្ពុជា បាននាំចេញទំនិញក្នុងតម្លៃ ជាង៥ពាន់លានដុល្លារ កើនឡើង ៥% និង នាំចូលមកវិញក្នុងតម្លៃជិត ២៣ពាន់លានដុល្លារ កើនឡើង៧%​។

ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន រយៈពេល១១ខែ ​មានតម្លៃ ១០ ៥៧៩លានដុល្លារ កើនឡើង៦.៨៥% ​ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃជាង ១ពាន់លានដុល្លារ និងនាំចូលពី ចិនមកវិញក្នុងតម្លៃ ជាង៩ពាន់លានដុល្លារ​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់​ថា ក្នុងរយៈ ពេលមួយឆ្នាំ ដែលកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរ មាន បានធ្វើឱ្យកំណើននៃការនាំចេញ និងទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយប្រទេសដែលជាសមាជិក របស់ RCEP ទាំង១៥ បានកើនឡើងគួរឱ្យកត់សម្គាល់។

ចំណែកឯកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា និងចិន ​បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាង កម្ពុជា-ចិន បានកើនឡើងលើសពីការរំពឹងទុក ពោល គឺត្រឹមតែ១១ខែក្នុងឆ្នាំ២០២២​ បានឈាន ឡើងរហូតដល់ជាង១០ពាន់លានដុល្លារ។ តាមរយៈកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យផលិតផលកសិ កម្មកម្ពុជា ដូចជាផ្លែមៀនប៉ៃលិន ​ត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញរបស់ចិន ដោយទទួល បានការគាំទ្រយ៉ាងច្រើន ពីប្រជាជនចិន។ នៅឆ្នាំ២០២៣នេះ រំពឹងថា ផលិតផលកសិកម្មរបស់ កម្ពុជា នឹងច្ប៉ាមយកទំនុកពីប្រជាជនចិនបានយ៉ាងច្រើន។

​ទន្ទឹមគ្នានេះ លោកបានឱ្យដឹងផងដែរថា ក្រៅពីកិច្ចព្រមព្រៀងទាំងពីរនេះ កិច្ចព្រមព្រៀងសេរី ពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ដែលទើបតែចូលជាធរមានបានតែត្រឹមតែរយៈពេល១ខែនោះ ​បានជំរុញ ទំហំនៃការនាំចេញ​ កើនឡើងគួរឱ្យកត់សម្គាល់ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ដំណើរជាដើម ដែលត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

លោករំពឹងថា នៅឆ្នាំ២០២៣នេះ កិច្ចព្រមព្រៀងទាំងបីនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែកើនឡើង។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង៣ គឺ RCEP ​កិច្ច ព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងទីផ្សារទ្វេភាគីកម្ពុជា-កូរ៉េ បានចូលរួមចំណែកយ៉ាងខ្លាំង ដល់សេដ្ឋកិច្ច ហើយយើងរំពឹងថាកំណើននឹងបន្តកើនឡើងបន្តទៀត​ ហើយទាំងអស់នេះ អាចសម្រេច បានក៏ដោយសារ ទី១.យើងមានការចរចា បើកលក្ខខណ្ឌទូលំទូលាយពីច្រកទីផ្សារ ទី២.យើងមាន កិច្ចព្រមព្រៀងគ្នា នៅក្នុងពាណិជ្ជកម្មទ្វេភាគ ក៏ដូចជាពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយ យើងមានជំពូកនៃកិច្ចសហប្រតិបត្តិការ ហើយក៏មាននិតិវិធីក្នុងការសម្របសម្រួលពាណិជ្ជកម្មបាន ស្រួលជាមុន រួមទាំងវិធានប្រភពដើមទំនិញផងដែរ»

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពជាមានប្រសាសន៍ បន្ទាប់ពីអនុវត្តអស់រយៈពេល ១ឆ្នាំ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​RCEP​ និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កំណើននៃការនាំចេញ និងនាំចូលទំនិញកាន់តែល្អប្រសើរឡើង ជាមួយបណ្តាប្រទេសជាដៃគូរ ជាពិសេសចិន។

ក្នុងការសម្រួលដល់កិច្ចការពាណិជ្ជកម្ម លោកចង់ឱ្យចាប់ពីឆ្នាំ២០២៣ទៅ ក្នុងការអនុវត្តកិច្ចព្រម ព្រៀង ​​RCEP ត្រូវតែមានអគ្គលេខាធិការដ្ឋានមួយ ដើម្បីដោះស្រាយបញ្ហាភាពប្រឈមឱ្យទាន់ សភាពការណ៍ និងការទំនាក់ទំនងគ្នាឱ្យកាន់តែល្អប្រសើរ។

លោកបន្តថា «បើទោះបីជាក្នុងរយៈពេលកន្លងមកនេះ យើងនៅមានទំហំតូចនៅឡើយទេ ប៉ុន្តែ សម្រាប់អនាគតកិច្ចព្រមព្រៀងសេរីទាំងពីរនេះ គឺជាផលប្រយោជន៍ដ៏មហាសាល សម្រាប់កម្ពុជា យើងក្រោយពេល ដែលយើងអស់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប និង GSP របស់​អាមេរិក គឺយើងនឹងរំពឹងលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនានានេះហើយ ដែលជាឈ្នាន់ជំរុញ កំណើនសេដ្ឋកិច្ចរបស់យើង»