ទីក្រុងដាម៉ាស ទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ UN បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងស៊ីរី


 (ដាម៉ាស)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ គឺ ក្រសួងការបរទេសស៊ីរី បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ត្រូវតែមានប្រតិកម្មចំពោះការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល មកលើប្រទេសស៊ីរី និងទប់ស្កាត់មិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតនាពេលអនាគត។

ក្នុងកំណត់ទូតមួយផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មានរដ្ឋ SANA នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសស៊ីរីបានទាមទារឲ្យមានការនាំយក អ៊ីស្រាអែលមកកាន់តុលាការអន្តរជាតិសម្រាប់បទល្មើសឈ្លានពានសាជាថ្មីប្រឆាំងនឹងស៊ីរី។

កំណត់ទូតខាងលើនេះមានខ្លឹមសារយ៉ាងដូច្នេះថា «នៅពេលដែលមនុស្សជាតិស្រឡាញ់សន្តិភាពកំពុងបន្តប្រារព្ធពិធីចាប់ផ្តើមឆ្នាំថ្មី អ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីល មកលើអាកាស យានដ្ឋានអន្តរជាតិទីក្រុងដាម៉ាស (Damascus)។ ជាលទ្ធផល ទាហានស៊ីរីពីរនាក់ត្រូវបានសម្លាប់ ហើយបង្កការខូចខាតសម្ភារនានានាំឲ្យមានការផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់អាកាសយានដ្ឋាននេះ»

គួរបញ្ជាក់ថាស៊ីរីបានថ្កោលទោសការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិលស្លូតត្រង់ និងរំខានដល់ទំនាក់ទំនងផ្លូវអាកាស របស់ខ្លួន។ ទីក្រុងដាម៉ាស បានចាត់ទុកសកម្មភាពរបស់អ៊ីស្រាអែល គឺជាការរំលោភច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់៕