ប្រមុខមន្ទីរបញ្ចកោណ មិនច្បាស់ឡើយថា ចិននឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ ក្នុងពេលដ៏ខ្លីខាងមុខ ឬយ៉ាងណា

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថា លោកផ្ទាល់មើលមិនឃើញឡើយថាការបង្កើនសកម្មភាពយោធារបស់ចិន នៅក្បែរច្រកសមុទ្រ តៃវ៉ាន់ គឺជាសញ្ញាមួយបង្ហាញថាចិនអាចនឹងប្រើកម្លាំងយោធាភ្លាមៗ ឬក្នុងពេលអនាគតដ៏ខ្លី។

លោក ឡយដ៍ អូស្ទីន ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន និងសមភាគីជប៉ុន នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា «យើងបានឃើញហើយពីការកើន ឡើងសកម្មភាពយន្ដហោះចម្បាំង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយយើងក៏បានឃើញរួចហើយដែរ ពីការកើនឡើងសកម្មភាពនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់…ប៉ុន្តែថាតើនេះជាសញ្ញាបង្ហាញថានឹងមាន ការឈ្លានពានភ្លាមៗ ឬក៏យ៉ាងណានោះ ខ្ញុំមិនច្បាស់នោះទេ»