អាជ្ញាធរមីន និងអង្គការជំនួយ នៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ចុះអនុស្សារណៈនៃការយោគយល់ គ្នា លើគម្រោងអភិវឌ្ឍន៍សមត្ថភាព ក្នុងសកម្មភាពមីន


 (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់ គ្នារវាងអាជ្ញាធរមីន និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) លើគម្រោងអភិវឌ្ឍន៍សមត្ថ ភាពក្នុងសកម្មភាពមីន ដែលមានថវិកាសរុបចំនួន ១៧២.៧៩១ ដុល្លារអាមេរិក។

អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក លី​ បញ្ញារិទ្ធិ៍​ អគ្គ​លេខាធិការ​អាជ្ញាធរ​មីន​ និង​លោក​ Rune Dale-Andresen នាយក​អង្គការ​ NPA ប្រចាំ​កម្ពុជា​។

អនុស្សរណៈយោគយល់លើគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីននេះ គ្របដណ្តប់លើការ អនុវត្តសកម្មភាពធំៗចំនួន ៣ គឺ១/.សមត្ថភាពរបស់អង្គភាពទិន្នន័យ ២/.សមត្ថភាពរបស់ក្រុម ត្រួតពិនិត្យគុណភាព និងទី៣/.សមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្ត។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស្សន៍ ដែលបាន ផ្តល់ការគាំទ្រដល់គម្រោងការ អភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីន ហើយគម្រោង នេះនឹងជួយជំរុញបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័នអាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួល សកម្មភាពមីននៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ នឹងផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការ NPA ក៏ដូចជាគ្រប់ភាគី ពាកព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេច បាននូវទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេ ជោនាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ គ្មានជនរងគ្រោះ និងគ្មានសហគមន៍ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តដោះស្រាយហា និភ័យសំណល់ជាតិផ្ទុះសង្រ្គាមក្រោយឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់អង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែង គាំទ្រដល់សមត្ថភាពចាំបាច់របស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៤។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការគាំទ្រ ផ្នែកហិរញ្ញវត្ថុដ៏សប្បុរសរបស់រដ្ឋាភិបាលចក្រភពអង់ គ្លេស- បរទេស Commonwealth & Development ការិយាល័យ (FCDO) និងក្រសួងការប រទេសន័រវេស (NMFA) តាមរយៈអង្គការ NPA Cambodia ក្នុងគោលបំណងធានាថា អាជ្ញាធរមីន មានសមត្ថភាព និងរឹងមាំក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជាប្រកបដោយ ប្រសិទ្ធភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់អង្គការ NPA ក្នុងការ បន្តខិតខំធ្វើឱ្យប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ និងកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះផ្សេង ទៀតនៃសង្គ្រាម។ ការប្តេជ្ញាចិត្តនេះ ស្របទៅនឹងកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីនឲ្យអស់ពីកម្ពុជាឆ្នាំ ២០២៥ ដូច ដែលបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោនាយករដ្ឋមន្ត្រី របស់យើងនាពេលថ្មីៗនេះ។

ឯកឧត្តម បន្តទៀតថា ជាមួយនឹងការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ការតាំងចិត្តដើម្បីកម្ពុជាគ្មានមីនឆ្នាំ ២០២៥ នឹងក្លាយជាការពិត ហើយការបន្តពង្រឹង និងរក្សាសមត្ថភាពរបស់អាជ្ញាធរមីន គឺជាកិច្ចការចាំបាច់មួយ៕