រុស្ស៉ី តែងតាំងលោក Valery Gerasimov ជាមេបញ្ជាការថ្មីដឹកនាំសង្រ្គាមនៅអ៊ុយក្រែន


 (មូស្គូ)៖  យោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ អោយដឹងថា រុស្ស៊ី បានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលមួយរូបទៀត ចូលដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ដែលនេះជាការរុះរើដ៏ធំបំផុតក្នុងរចនាសម្ព័ន្ធបញ្ជាការយោធា របស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងសមរភូមិជាច្រើនខែកន្លងមកនេះ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានតែងតាំងនាយអគ្គសេនាធិការយោធាមួយរូប គឺ លោក វ៉ាឡេរី ហ្គេរ៉ាស៉ីម៉ូវ (Valery Gerasimov) ជាមេបញ្ជាការថ្មីនៃកងទ័ពរុស្ស៉ីទាំងអស់ដែលកំពុងធ្វើសង្រ្គាម នៅអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារ ជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «ការកើនឡើងនៃកម្រិតនៃភាពជាអ្នកដឹកនាំនៃប្រតិបត្តិការយោធា ពិសេស គឺត្រូវបានផ្សារភ្ជាប់ទៅនឹង ការពង្រីកទំហំភារកិច្ច។ តម្រូវការនេះត្រូវរៀបចំឲ្យកាន់តែដិតដល់ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចម្រុះ និងធ្វើឲ្យប្រសើរ ឡើងនូវគុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង របស់រុស្ស៊ី»៕