(គូឡាឡាំពួរ)៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ប្រទេសម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ថា ខ្លួនអាចបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹង ច្បាប់ថ្មីមួយរបស់អឺរ៉ុបដែលមានបំណងការពារព្រៃឈើតាមរយៈការគ្រប់គ្រងតឹងរ៉ឺងលើការលក់ផលិតផលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។
ភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងទំនិញលោក Fadillah Yusof បានឱ្យដឹង ថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនឹងពិភាក្សាអំពីច្បាប់ដែលហាមឃាត់ការលក់ដូងប្រេង និង ទំនិញផ្សេងទៀតដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនេះ ដែលច្បាប់នេះចែងថា ក្រុមហ៊ុនអាច នាំចូលទៅកាន់អឺរ៉ុបបានលុះត្រាតែក្រុមហ៊ុនទាំងនោះអាចបង្ហាញថា ការផលិតទំនិញជាក់លាក់ របស់ពួកគេមិនបានបំផ្លាញព្រៃឈើ។

ដោយសារសហភាពអឺរ៉ុបជាអ្នកនាំចូលប្រេងដូងដ៏ធំមួយ ច្បាប់ដែលបានព្រមព្រៀងកាលពីខែធ្នូនេះ បានធ្វើឱ្យមានការរិះគន់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំទាំង ពីក្នុងពិភពលោក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Fadillah ខណៈថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសិក្ខាសាលាមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើយើងត្រូវការអ្នកជំនាញមកពីបរទេសដើម្បីប្រឆាំងនឹងអ្វីដែលជាចំណាត់ការរបស់សហភាពអឺរ៉ុប យើងត្រូវធ្វើវា»។
លោកមានប្រសាសន៍ថា៖ «បើមិនដូច្នេះទេ ជម្រើសនោះគឺអាចថា យើងគ្រាន់តែបញ្ឈប់ការនាំចេញ ទៅកាន់អឺរ៉ុប ដោយគ្រាន់តែផ្តោតលើប្រទេសផ្សេងទៀត ប្រសិនបើពួកគេ (សហភាពអឺរ៉ុប) ផ្តល់ឱ្យ យើងនូវពេលវេលាដ៏លំបាកក្នុងការនាំចេញទៅកាន់ប្រទេសពួកគេ»។
សកម្មជនបរិស្ថានបានស្តីបន្ទោសឧស្សាហកម្មដូងប្រេងថាជាមូលហេតុដែលបណ្តាលឱ្យមានការឈូសឆាយព្រៃទឹកភ្លៀងអាស៊ីអាគ្នេយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបាន បង្កើតស្តង់ដារវិញ្ញាបនប័ត្រនិរន្តរភាពកាតព្វកិច្ចសម្រាប់ចម្ការទាំងអស់ក៏ដោយ។ ឧស្សាហកម្មនេះផ្តល់ការងារយ៉ាងច្រើន និងប្រភពចំណូលសម្រាប់កសិករខ្នាតតូច។
លោក Fadillah ដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានជំរុញឱ្យប្រទេសជាសមាជិកក្រុម ប្រឹក្សាប្រទេសផលិតប្រេងដូង (CPOPC) ធ្វើការរួមគ្នាប្រឆាំងនឹងច្បាប់ថ្មីនេះ និងដើម្បីប្រយុទ្ធ ប្រឆាំងនឹង «ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ដែលធ្វើឡើងដោយសហភាពអឺរ៉ុប និងសហ រដ្ឋអាមេរិកអំពីនិរន្តរភាពប្រេងដូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
































