គម្រោងវិនិយោគថ្មីៗចំនួន២ទៀត ទុនវិនិយោគជាង ៤៥លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

 (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង៤៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈ កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង វិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ AROMA SUCCESS GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,១៥៨​កន្លែង។

២៖ QI HENG XIN FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,៩៣០កន្លែង៕