ក្រសួងឧស្សាហកម្ម និង JICA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពី «គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន»


 (ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី គម្រោងរៀប បង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅ កម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងឧស្សាហកម្ម។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរួម ដែលទទួលបាន។

គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី ៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ ២០០៣។ គោលដៅរំពឹងទុករបស់គម្រោង គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ ព័ន្ធរបស់ ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំបទបញ្ញត្តិ និងការ គ្រប់គ្រងអង្គភាពទឹកស្អាតទីប្រជុំជន តាមរយៈការរៀបចំនូវគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍ វិស័យទឹកស្អាតនៅទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតនៅទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការ មេសម្រាប់អង្គភាពទឹកស្អាតសាធារណៈ។ គម្រោងនេះនឹងរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវលទ្ធ ភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យនៅក្នុងប្រទេស កម្ពុជា។

គម្រោងនេះក៏នឹងជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀប ចំគោលការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងសមត្ថភាពជាបន្ត បន្ទាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។

ផ្អែកលើឯកសារកិច្ចព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សា គម្រោងនេះរំពឹងថានឹងត្រូវចាប់ផ្តើមអនុវត្តនៅ ពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការ អភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែន ការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ សកម្មភាពរបស់គម្រោង ក៏នឹង រួមបញ្ចូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ ផងដែរ។

JICA គឺជាដៃគូអភិវឌ្ឍមួយដ៏យូរអង្វែងមួយក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដែលតាមរយៈ JICA រដ្ឋាភិបាលជប៉ុនប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តរយៈពេលយូរជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕