បញ្ជាការដ្ឋានអង្គរក្ស ថ្កោលទោសជនក្លែងបន្លំឯកសណ្ឋាន និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ កម្ពុជា ហើយប្រមាថថ្នាក់ដឹកនាំ

 (ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាននៃ បញ្ជាការដ្ឋានអង្គរក្សទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូ ប្រមាថនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។

ទង្វើរបស់បុគ្គលពាលរូបនេះ ជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាច លើកលែងឱ្យបាន។

យើងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គម រូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាម ផ្លូវច្បាប់។

យើងប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋា ភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕