(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិ លទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿន លឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈ ប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

នៅក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគ លើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោល នៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។
តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវ ការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និង ទូរថភ្លើង សម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយ សរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការ រយៈពេលខ្លី និងគ្រោងបន្ថែម ចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថ ភ្លើងត្រូវបំពាក់ប្រភេទក្បាល រថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាង សង់ផ្លូវអាកាសរំលងកាត់ ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជា មួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយ លើកដាក់ទំនិញ នៅ ភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និង មួយទៀតនៅស្ថានីយ សំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជា មូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។

ជំនួបពិភាក្សានេះដែរ នឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមាន លក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការ សិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿន លឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ៕

































