មន្ទីរបញ្ចកោណ សារភាពថាយោធាអាមេរិក បរាជ័យក្នុងការចាប់សញ្ញាបាឡុងចិន ចំនួន៣លើក ក្នុងអាណត្តិលោក ដូណាល់ ត្រាំ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកម្នាក់ដែលទទួលបន្ទុកបាញ់ទម្លាក់បាឡុងចិន បានទម្លាយឱ្យដឹងពី «កម្សោយ» របស់យោធាអាមេរិកដែលបរាជ័យ ក្នុងការចាប់សញ្ញា ដោយ បណ្ដោយឱ្យបាឡុងរបស់ចិន ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ ហោះឆ្លងកាត់ សហរដ្ឋអាមេរិកដល់ទៅ ៣លើក នៅជំនាន់ដឹកនាំដោយរដ្ឋបាល អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ការលើកឡើងខាងលើរបស់លោកឧត្ដមសេនីយ៍ គ្លែន វ៉ាន់ហឺគ (Glen VanHerck) ជាមេបញ្ជាការ នៃទីបញ្ជាការការពារដែនអាកាសភូមិភាគខាងជើងសហរដ្ឋអាមេរិក និងតំបន់អាមេរិកខាងជើង (NORAD) កើតមានឡើងបន្ទាប់ពីមន្ទីរបញ្ចកោណកាលពីចុងសប្ដាហ៍កន្លងទៅ បានសារភាពថា បាឡុងរបស់ចិនធ្លាប់បានហោះក្នុងរយៈពេលខ្លីក្នុង ដែនអាកាសអាមេរិក ចំនួន៣លើក អំឡុង អាណត្តិរបស់លោក ដូណាល់ ត្រាំ និងមួយលើកនៅពេលចាប់ផ្ដើមអាណត្តិរបស់លោក ចូ បៃដិន ដោយមិនមានការចាត់វិធានការឆ្លើយតប នោះឡើយ។

លោក គ្លែន វ៉ាន់ហឺគ បានគូសបញ្ជាក់ដូច្នេះថា «ជារៀងរាល់ថ្ងៃ ក្នុងនាមជាមេបញ្ជាការ NORAD វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការចាប់សញ្ញាគំរាមកំហែងទាំងឡាយមកលើតំបន់ អាមេរិកខាងជើង។ ខ្ញុំចង់ប្រាប់អ្នកថាយើងចាប់មិនបានសញ្ញានៃការគំរាមកំហែងទាំងនោះទេ ហើយនេះគឺជាភាព កម្សោយដែលធ្វើឱ្យបរាជ័យក្នុងការដោះស្រាយបញ្ហា»។ ប៉ុន្តែ ឧត្ដមសេនីយ៍រូបនេះមិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ៕