អូស្ត្រាលី និងចិនពិភាក្សាអំពីពាណិជ្ជកម្មជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

 (ប៉េកាំង)៖  យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អោយដឹងថា មន្ត្រីពាណិជ្ជកម្មកំពូលរបស់ ប្រទេសចិន និងអូស្ត្រាលីបានជួបប្រជុំគ្នាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩ មក ដែលជា សញ្ញាចុងក្រោយបង្ហាញពីទំនាក់ទំនងការទូតដ៏កក់ក្តៅរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលីលោក Don Farrell និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបពិភាក្សាគ្នាកាលពី ថ្ងៃចន្ទរយៈពេលជាងមួយម៉ោងកន្លះ។ ភាគីទាំងពីរបានយល់ព្រម «បង្កើនការសន្ទនា» ក្នុងគោល បំណងធានាឱ្យ «មានការធ្វើពាណិជ្ជកម្មឡើងវិញឱ្យបានទាន់ពេលវេលា និងពេញលេញ»។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោក Farrell បានទទួលយកការអញ្ជើញពីសមភាគីចិន ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង «ក្នុងពេលដ៏ខ្លីខាងមុខនេះ» ដើម្បីពិភាក្សាបន្ថែម ទៀត។ លោក Farrell បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចប្រជុំរបស់យើងគឺជាជំហានដ៏សំខាន់មួយផ្សេងទៀតនៅក្នុងការរក្សាស្ថិរភាពទំនាក់ទំនងរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសចិន»។

មុនពេលបើកដំណើរការកិច្ចពិភាក្សានេះ លោក Farrell បាននិយាយថា លោកនឹងប្រើប្រាស់កិច្ច ប្រជុំជាមួយលោក Wang រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដើម្បីលើកឡើងអំពីការទណ្ឌកម្មដែល កំពុងបន្តធ្វើឡើងចំពោះទំនិញនាំចេញរបស់អូស្ត្រាលី រួមទាំងស្រា ស្រូវបាឡេ និងបង្កង។
ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញនាំចេញជាច្រើនរបស់អូស្ត្រាលីក្នុងឆ្នាំ២០២០ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវឱ្យមានការបើកស៊ើបអង្កេត អន្តរជាតិលើប្រភពដើមនៃការផ្ទុះជំងឺកូវីដ-១៩៕