(អង់ការ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអោយដឹងថា ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និងស៊ីរី កំពុងបន្តធ្វើប្រតិបត្តិការជួយ សង្រ្គោះរបស់ពួកគេមកទល់នឹងពេលនេះ ខណៈចំនួនអ្នកស្លាប់បានបន្តកើនដល់ច្រើនជាង ៧,៨០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១,៩៣២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាស ថាមនុស្សស្លាប់បានកើនដល់ ៥,៨៩៤នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ៧,៨២៦នាក់។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោម គំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ២០,៥០០នាក់នៅតួកគី និង ៣,៥០០នាក់ នៅក្នុងប្រទេសស៊ីរី។ តែព្រមពេលជាមួយគ្នា អង្គការ WHO បានព្រមានថាចំនួន អ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សជាង ២៣លាននាក់ នៅក្នុង ប្រទេសទាំង២ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេស ទាំងពីរ៕































