សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់

 (ភ្នំពេញ)៖ នៅវេលាម៉ោង១រសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញចាក ចេញពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរ​ទស្សន​កិច្ចប្រកបដោយ ផ្លែផ្កាខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ គឺជាដំណើរ​ទស្សន​កិច្ច​​​​ដ៏មានសារៈ សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនង និងដាក់ចេញផែនការ​សកម្ម​ភាព​​​សម្រាប់​ពង្រីក​កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រតិភូអមដំណើរសម្តេចតេជោបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ រួមមាន៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យ​សេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន លេខា ធិការដ្ឋានអចិន្ត្រៃយន៍ នៃអាជ្ញាធរជាតិ​ទទួល​បន្ទុកកិច្ចការព្រំដែន ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអ្នក ឧកញ៉ា ឧកញ៉ា ព្រមទាំងមន្ត្រីជាន់​ខ្ពស់​មួយ​ចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបាន​ការស្វា គមន៍ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំ​ប្រទេស​ឡាវ​រួម​មាន ប្រមុខរដ្ឋ ប្រធានសភា និងនាយករដ្ឋមន្ត្រី។ ជាពិសេសនៅឯព្រលានយន្តហោះ​ក្នុង​ទីក្រុងវៀងច័ន្ទ ក្រៅតែពី កងកិត្តិយសហើយនោះ គេក៏ឃើញមានមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សជាច្រើនរូប ត្រូវបាន ឈរហែហមនៅព្រលានយន្តស្វាគមន៍​ចំពោះ​វត្តមានរបស់សម្តេចតេជោ។ ទិដ្ឋភាពនេះ ជាការ បង្ហាញឱ្យឃើញនូវរបៀបរបបពិធីការ នៃ ការ​បដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយ ដែលរដ្ឋាភិបាលឡាវ រៀបចំទទួលដំណើរ​របស់​សម្តេច​តេជោ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាបន្តបន្ទាប់ជាមួយនាយករដ្ឋមន្ត្រីឡាវ ប្រមុខរដ្ឋឡាវ និងប្រធាន​រដ្ឋសភាឡាវ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ឡាវ បានពិភាក្សាផ្តោតជាសំខាន់​លើការពង្រឹងនូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេស​ទាំង​សម្តេចតេជោ និងថ្នាក់ដឹក នាំឡាវ សុទ្ធតែបានមើលឃើញថា ដំណើរទស្សនកិច្ច​របស់​សម្តេចតេជោ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កាន់តែ​ល្អ​ប្រសើរ។

សម្រាប់កិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក សនសៃ ស៊ីផាន់ដន នាយក រដ្ឋមន្ត្រីឡាវ បានពិភាក្សាផ្តោតសំខាន់លើបញ្ហាជាច្រើន លើគ្រប់វិស័យរួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លង​ដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។

ភាគីទាំងពីរបានបង្ហាញ​ការពេញ​ចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហ​ប្រតិបត្តិការដ៏ល្អ រវាង​ប្រទេស​ទាំងពីរ ក្រោយពីការបង្កើតទំនាក់​ទំនងការទូត​នៅឆ្នាំ​១៩៥៦ ដែលរហូតមកដល់ ពេលនេះ មានអាយុកាលប្រមាណ ៦៧ឆ្នាំហើយ ហើយដែលបានក្លាយជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅឆ្នាំ២០១៩។

មេដឹកនាំទាំងពីរ ក៏បានកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើន​ឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិក​នៅឆ្នាំ​២០២២។

សម្តេចតេជោ បានជំរាបលោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវ​លក្ខ​ខណ្ឌ​ល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើក​ទឹក​ចិត្តឱ្យភាគី ទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាង​ការ​យក​ពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាព​សេដ្ឋ​កិច្ច​នៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការ​រៀបចំព្រឹត្តិការណ៍​ផ្គូ​ផ្គងដៃ គូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់​ឱកាសកាន់តែច្រើន​សម្រាប់ការផ្លាស់ ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើក​ឡើងវិញ នូវជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ។

សម្តេចតេជោ បានស្នើឱ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បី ជាការរួមចំណែកជំរុញវិស័យទេសចរណ៍ ដែលជាវិស័យមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ចប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចតេជោ និងលោក សនសៃ បាន​ឯក​ភាព​គ្នាជំរុញ ឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃ​បោះពុម្ភ​ផ្សាយស្នាដៃ ស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវ​ជ្រាវ​រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។

មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី «ទំនាក់​ទំនង​កម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជន​នៅតាមបណ្ដោយ​ព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រមឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតប្រទេសទាំងពីរ។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិវិញ មេដឹកនាំទាំងពីរ បានឯក​ភាពគ្នា ពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន​ឱ្យមានប្រសិទ្ធ​ភាព តាមរយៈ ការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឱ្យ​ទាន់ពេល​វេលា។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល មេដឹកនាំប្រទេសទាំងពីរ បានឯកភាព​ជំរុញ​ឱ្យ ក្រសួង​ពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ​អនុស្ស​រណៈ​នៃការ យោគយល់គ្នា និងកិច្ចព្រមព្រៀងនានា​ដែលមានស្រាប់ស្ដីពីកិច្ច​សហប្រតិ​បត្តិ​ការ​​ថាមពលរវាង កម្ពុជា និងឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាង​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាព​របស់គណៈ​កម្ម​ការ​​ចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហា​ព្រំដែន ដែល​នៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច​របស់សម្តេច និងជំនួបពិភាក្សាជាមួយមេដឹកនាំឡាវនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​សម្រាប់ប្រជាជាតិ ទាំងពីរ ដោយហេតុថាសម្តេច និង សនសៃ ស៊ីផាន់ដន បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ និងងលោក សនសៃ បានផ្លាស់ ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌ អាស៊ាន និងអង្គការសហប្រជាជាតិ។

មេដឹកនាំទាំងពីរ បានឯកភាពថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវ​ជាប្រធានអាស៊ាន ឆ្នាំ២០២៤។

នៅក្រោយជំនួបពិភាក្សាការងារទ្វេភាគីនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះ​ហត្ថលេខា​ជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់​ព្រំដែន​​រដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាព​ជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់​ឆ្នាំ២០២៣-២០២៧។

បន្ថែមពីលើនោះនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ​កំណត់ ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះ​ព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជា ប្រធានគណៈកម្មការ​ចម្រុះព្រំដែនឡាវ។

នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រមុខរដ្ឋឡាវ​លោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» ផងដែរ។

គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕