រុស្ស៉ី កំពុងត្រៀមធ្វើសង្រ្គាមអាកាសទ្រង់ទ្រាយធំ ខណៈសង្រ្គាមនៅលើដីកាន់តែសាហាវ

 (មូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអោយដឹងថា រុស្ស៉ី ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើសង្រ្គាមតាមផ្លូវអាកាស ទ្រង់ទ្រាយធំមួយ ដើម្បីបំបែកភាពជាប់គាំងនៅឯសមរភូមិ ខណៈព័ត៌មានស៊ើបការណ៍សម្ងាត់ របស់អង្គការ NATO បានឱ្យដឹងថាទីក្រុងមូស្គូបានប្រមូលផ្ដុំយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រជា ច្រើនគ្រឿងនៅក្បែរតំបន់ព្រំដែន។

បើតាមក្រុមមន្ត្រីអង្គការ NATO នៅថ្ងៃអង្គារសប្ដាហ៍នេះ ការដាក់ពង្រាយយន្ដហោះចម្បាំងរបស់ រុស្ស៉ីបានបង្ហាញកាន់តែច្បាស់ពីភាពចាំបាច់នៃការបញ្ជូនប្រព័ន្ធមីស៊ីល ការពារដែនអាកាសបន្ថែម ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន សម្រាប់អ៊ុយក្រែន នៅចំពោះមុខការបង្កើនការធ្វើសង្រ្គាមពី សំណាក់រុស្ស៉ីនៅមុនថ្ងៃខួបមួយឆ្នាំនៃសង្រ្គាម ចូលមកនៅប៉ុន្មានថ្ងៃខាងមុខនទៀតនេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក៏បានទទួលស្គាល់ដែរថាប្រព័ន្ធមីស៊ីលការពារ ដែនអាកាសរបស់អ៊ុយក្រែន នាពេលបច្ចុប្បន្ន គឺមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ស្របពេល រុស្ស៉ីមានកងកម្លាំងកងទ័ពអាកាសយ៉ាងសម្បើម។ លោកបន្ថែមថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោក ខាងលិច ត្រូវតែជួយឱ្យអ៊ុយក្រែនមានសមត្ថភាពការពារខ្លួនឯង បើទោះជាក្នុងករណីកង ទ័ពអាកាសរុស្ស៉ីចូលរួមពេញទំហឹងនៅក្នុងសង្រ្គាមក៏ដោយ។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា នៅពេលត្រូវបានសាកសួរថាតើសម្ព័ន្ធមិត្តលោកខាងលិចបានពិភាក្សា ពីការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែនរួចរាល់ហើយ ដែរឬក៏យ៉ាងណា លោក អូស្ទីនបានឆ្លើយ ថាលោកមិនទាន់អាចនិយាយអ្វីទេក្នុងពេលនេះ៕