អាមេរិក កាណាដា និងមហាអំណាចអឺរ៉ុប ប្រឆាំងជំទាស់គម្រោងពង្រីកសំណង់អាណានិគមខុសច្បាប់ របស់អ៉ីស្រាអែល


 (ហ៊្សេរុយសាឡិម)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ ពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤នៅអឺរ៉ុប និងកាណាដា បានចូលរួមជា មួយទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងការប្រឆាំងជំទាស់ទៅនឹង ការសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការ ទទួលស្គាល់លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ដែនដីប៉ា ឡេស្ទីន។ ថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលដឹកនាំដោយលោក ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ព្រមទាំង បានប្រកាសពី គម្រោងសាងសង់លំនៅដ្ឋានខុសច្បាប់បន្ថែមរហូតដល់ទៅជាង ១០,០០០ខ្នង។

សេចក្តីថែ្លងការណ៍រួមដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី និងអាមេរិក បានគូសបញ្ជាក់ថា​ «យើងសូមប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពឯកតោភាគី ដែលនឹងបង្កឲ្យមាន ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាធ្វើឲ្យខូចដល់កិច្ចខិតខំ ប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ដែលធ្លាប់ចរចាគ្នាកន្លងមក»។ ដោយឡែក រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក៏បានអះអាងដែរថាទីក្រុងអូតាវ៉ា ជំទាស់ ដាច់អហង្ការចំពោះគម្រោងពង្រីក លំនៅដ្ឋានខុសច្បាប់របស់អ៉ីស្រាអែល ដោយសកម្មភាពឯក តោភាគីបែបនេះមានតែបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពតែប៉ុណ្ណោះ៕