(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីបិទវគ្គ និង ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ» នៅសហសាលសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការ ចូលរួមពីសំណាថា្នក់ដឹកនាំ មន្រ្តី សិស្សមន្រ្តីជាន់ខ្ពស់ សិក្ខកាមវគ្គ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវជាតិដែលអញ្ជើញពីអង្គភាពពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិជា ដៃគូ ដែលមានចំនួនសរុប ៣១២នាក់។

សិក្ខាកាមដែលអញ្ជើញចូលរួមនេះ អញ្ជើញពីអង្គភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង អង្គភាពការងារពាក់ព័ន្ធមានសិក្ខាកាមចំនួន ១១២នាក់ អញ្ជើញពីខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណកម្មាធិការជាតិប្រឆាំងភេរវកម្ម គណ:កម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី ខេត្ត អធិការនគបាលខណ្ឌ និងតាមបណ្តាអង្គភាពផ្សេងៗមួយចំនួនទៀត។
ឯកឧត្តម កែ គឹមយ៉ាន បានគាំទ្រចំពោះសកម្មភាពសាលាភូមិន្ទរដ្ឋបាល ដែលបានសហការជាមួយ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រីសាធារណៈ រយៈ ពេលកន្លងមក ក្នុងស្មារតីនៃការចូលរួម ជម្រុញឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានសមត្ថភាពប្រកួតប្រជែងជាងមុន ព្រមទាំងពង្រឹងបាននូវការគ្រប់គ្រង និងការផ្តល់សេវា សាធា រណៈប្រកបដោយគុណភាព ដើម្បីឆ្លើយតបតម្រូវការនានា របស់មូលដ្ឋាន និងការលើកកម្ពស់ សុខុមាលភាពប្រជាជន។
ជាមួយនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់នូវអនុសាសន៍ ៥ចំណុច ដូចខាងក្រោម៖
* ទីមួយ៖ បន្តបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទៅទៅលើគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងចំណេះដឹងថ្មីៗបន្ថែមទៀត ឱ្យស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច សង្គម ក៏ដូចជាបច្ចេកវិទ្យាទំនើប ដែលកំពុងរីកចម្រើនទៅមុខឥតឈប់ឈរទាំងក្នុងប្រទេស និងទូទាំង សកលលោក។ សូមលោក លោកស្រីចងចាំថា «ការសិក្សាគ្មានទីបញ្ចប់ឡើយ» ជា «ការសិក្សា ពេញមួយជីវិត»។
* ទីពីរ៖ ត្រូវខិតខំយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនាពេលនេះ ទៅអនុវត្តជាក់ ស្ដែងក្នុងការបំពេញតួនាទី ភារកិច្ចនៅតាមអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើក កម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតប និងប្រកបដោយបរិយាប័ន្ន។
* ទីបី៖ ត្រូវចែករំលែកចំណេះដឹងជាមួយសហការី និងបុគ្គលិកទាំងអស់ ដើម្បីរួមគ្នាបំពេញការងារ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍សង្គមជាតិ។
* ទីបួន៖ ត្រូវខិតខំបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ និងមានឆន្ទៈម្ចាស់ការ និងមនសិការវិជ្ជាជីវៈក្នុង ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា សំដៅដល់ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ និងរីក ចម្រើនកាន់តែឆាប់។
*ទីប្រាំ៖ សូមបន្តចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមទិសស្លោកបីកុំគឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ ករណីបទល្មើសគ្រឿងញៀន អនុវត្តគោលនយោបាយភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខ សាន្ត និងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ សូមពិចារណា លើគំរូសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈជាមួយបណ្តា ក្រសួង ស្ថាប័ន អង្គភាព នានា ដើម្បីការជម្រុញអភិវឌ្ឍ សមត្ថភាពមន្រ្តី នៅក្នុងសាលាភូមិន្ទរដ្ឋបាល។ ជាមួយគ្នានោះ លោកអំពាវ នាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តសហការគាំទ្រការពង្រឹងសមត្ថភាព មន្ត្រីរាជការ កម្ពុជា ឱ្យឆ្លើយ តបនឹងតម្រូវការនៃការកែទម្រង់របស់រាជរដ្ឋាភិបាល។
លោក យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល តែងប្រកាន់ខ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលប្រកបដោយ គុណភាព និងតម្លៃនៃគុណាធិបតេយ្យ ដោយបានផ្តល់ការយកចិត្តទុកដាក់កម្រិតខ្ពស់ចាប់ពីដំ ណាក់កាលនៃការជ្រើសរើសសិស្ស មន្ត្រី និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការសិក្សា។ សាលាខិតខំផ្តល់ដល់សិស្សមន្ត្រីកម្មសិក្សាការី និងសិក្ខាកាមនូវមូលដ្ឋានចំណេះដឹងទូលាយកាន់តែ រឹងមាំ និងអាចចាប់យកបទពិសោធន៍ល្អៗ ឧត្តមានុវត្តន៍និងនវានុវត្តន៍ស្របតាមការវិវត្តរបស់ សង្គមជាតិ និងអន្តរជាតិដើម្បីបំពេញការងារឱ្យកាន់តែប្រសើរ។
លោកបន្តថា សាលាភូមិន្ទរដ្ឋបាលបានធ្វើទំនើបកម្មមុខវិជ្ជានិងវិធីសាស្ត្រគរុកោសល្យថ្មី ដូចជាកម្ម សិក្សាកិច្ចការសង្គមសកម្មភាពមនុស្សធម៌ និងវប្បធម៌ដែលសង្កត់ធ្ងន់លើការងារអនុវត្តន៍ជាក់ស្តែង ពាក់ព័ន្ធនឹងគោលនយោបាយសាធារណៈ និងកិច្ចការរដ្ឋបាលដោយបញ្ចូលចំណេះដឹងខាងទ្រឹស្តី ទៅក្នុងតថភាពបច្ចុប្បន្ននៃសកម្មភាពស្ថាប័ន។ វិធីសាស្រ្តគរុកោសល្យថ្មីនេះក៏រួមបញ្ចូលផងដែរនូវកម្មវិធីទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស សិក្ខាសាលានិងសន្និសីទដែលភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង តាមរយៈការអញ្ជើញ វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលក្នុងនោះរួមមានឧបនាយករដ្ឋមន្រ្ដី ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ រដ្ឋលេខាធិការ ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័ន និងថ្នាក់ដឹកនាំអង្គការ អន្តរជាតិព្រមទាំងអ្នកជំនាញក្នុងវិស័យឯកជន សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវអន្តរជាតិ៕
































