មនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាកើថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួស ក្នុង ហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើបមួយឈ្មោះ សេឡូ វីស្តា (Cielo Vista) ស្ថិតក្នុងតំបន់ អែល ប៉ាសូ (El Paso) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ។

ជនសង្ស័យម្នាក់ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ហើយប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យផ្សេងទៀត។ អ្នកនាំពាក្យប៉ូលិស​ លោក រ៉ូបឺត ហ្គោមេស (Robert Gomez) បានប្រាប់អ្នកយកព័ត៌មានថា មូល ហេតុនៃការបាញ់ប្រហារ នៅមិនទាន់ដឹងនោះទេ។ ប៉ូលិសបានដាក់តំបន់នេះ​ជា​កន្លែង​កើតហេតុ ហើយ​បាន​ស្នើ​ឲ្យ​សាធារណជន​ចៀសវាងការទៅកាន់ទីនោះ​។

គួរបញ្ជាក់ថា Cielo Vista ជាផ្សារទំនើបមួយដែលស្ថិតនៅក្បែរផ្សារទំនើបវ៉លម៉ាត (Walmart) ជាកន្លែងដែលធ្លាប់មានករណីបាញ់ប្រហារសម្លាប់មនុស្សចំនួន ២៣នាក់ កាលពីថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៩។ កាលពីសប្តាហ៍មុន ជនជាប់ចោទម្នាក់ដែលជាពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ បាន សារភាពទោសកំហុសចំពោះការបាញ់សម្លាប់រង្គាលនេះ ប៉ុន្តែបុរសរូបនេះ នៅតែប្រឈមមុខនឹង ការកាត់ទោសប្រហារជីវិតដដែល៕