(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ គឺ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធមីស៊ីលប្រឆាំង រថក្រោះពាក់លើស្មា Javelin ទៅឱ្យចក្រភពអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ១២៥លានដុល្លារ ខណៈអាវុធដ៏ទំនើបនេះកំពុងទទួលបានការបញ្ជាទិញយ៉ាងច្រើន បន្ទាប់ពីបានបង្ហាញប្រសិទ្ធភាព នៅក្នុងសង្រ្គាមអ៊ុយក្រែន។

សំណើបញ្ជាទិញអាវុធពីសហរដ្ឋអាមេរិក មានការកើនឡើងខ្លាំង ហើយអាវុធដែលកំពុងស្ថិតនៅ ក្រោមការបញ្ជីបញ្ជាទិញច្រើនជាងគេ នោះគឺប្រភេទមីស៊ីលពាក់លើស្មា កាំភ្លើងធំ និងយន្ដហោះដ្រូន ដែលអាវុធទាំងនេះបានបង្ហាញប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការជួយអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយកង ទ័ពរុស្ស៉ី។ បើតាមមន្ទីរបញ្ចកោណ ការអនុម័តលក់មីស៊ីល ពាក់លើស្មា Javelin ឱ្យចក្រភពអង់គ្លេស ដោយក្រសួងការបរទេសអាមេរិកនឹងត្រូវបានជូនដំណឹងបន្តទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ រីឯ ក្រុមហ៊ុនដែលនឹងទទួលបានកុងត្រាម៉ៅការអាវុធនេះ គឺក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Lockheed Martin។
គួរបញ្ជាក់ថា បណ្ដាប្រទេសនៅអឺរ៉ុបជាច្រើនបាន និងកំពុង បញ្ជាទិញអាវុធជាច្រើនពីសហរដ្ឋ អាមេរិក ដើម្បីបំពេញស្ដុកអាវុធរបស់ខ្លួនឡើងវិញ ដែលបានថយចុះដោយសារតែ ការបញ្ជូនអាវុធ ទៅឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី៕































