សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់មន្ត្រីមុនរាយការណ៍ទៅសម្តេច ត្រូវគិតឲ្យច្បាស់ពីបញ្ហាដែល ត្រូវឆ្លងយោបល់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ បានដាក់តឿនដល់មន្ត្រី ដែលមានការងារបន្ទាន់ ត្រូវទូរស័ព្ទទៅសម្តេច ដើម្បីឆ្លងយោបល់ ត្រូវគិតគូរពីបញ្ហាឲ្យបានច្បាស់លាស់ និងសរុបតែម្តង កុំហៅទូរស័ព្ទច្រើនដង។

ការដាស់តឿននេះ បន្ទាប់ពីសម្តេចលើកឡើងរំលឹកដល់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលចូលចិត្តទូរស័ព្ទមកសម្តេចច្រើនសារ ក្នុងពេលតែមួយ ពិសេសពេលសម្តេចលេងអុក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នសម្តេចមិនសូវហៅទូរស័ព្ទផ្ទាល់នោះទេ យូរៗម្តង ប៉ុណ្ណោះនៅពេលមានកិច្ចការបន្ទាន់ ឬចាំបាច់ ហើយមានតែមន្ត្រីធំៗមួយចំនួនតូចប៉ុណ្ណោះ ដែល ទាក់ទងគ្នានិយាយតាមទូរស័ព្ទផ្ទាល់ ក្រៅពីនោះច្រើនផ្ញើសារអក្សរ ឬសារសំឡេង។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «លើកឧទាហរណ៍ពីបង ហោ ណាំហុង គ្រាន់តែជាការរំលឹក ប៉ុន្តែក៏ជាការដាស់តឿន ដល់មន្ត្រីនានា មុនហៅទូរស័ព្ទចង់ជួបខ្ញុំ ត្រូវគិតឲ្យច្បាស់ថា មានប៉ុន្មានបញ្ហាត្រូវឆ្លងយោបល់ ហៅ មកតែម្តង គឺគ្រប់ហើយ កុំហៅមកច្រើនដង។ ឥឡូវខ្ញុំមិនសូវទទួលទូរស័ព្ទផង យូរៗម្តងទេ ទាល់ តែមានកិច្ចការបន្ទាន់ និងចាំបាច់ អ្នកច្រើនហៅមកច្រើនតែសម្តេច ទៀ បាញ់ សម្តេច ស ខេង និង ជា សុផារ៉ា ច្រើនហៅទូរស័ព្ទផ្ទាល់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅពេលវាយកូនគោល គឺសម្តេចបិទទូរស័ព្ទអត់ មានទទួលទូរស័ព្ទទេ លើកលែងតែមានការងារបន្ទាន់ណាស់ ជាមួយគ្នានេះនៅពេលលេងអុក ដ៏ដូចគ្នាសម្តេចចង់មានភាពស្ងប់ស្ងាត់ដែរ មិនចង់ឲ្យមានអ្នកនរណាហៅទូរស័ព្ទរំខានទេ៕