សម្ដេចតេជោ ហ៊ុន សែន៖ មរតកដំបូងបំផុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺថ្ងៃរំដោះ ៧មករា, តើអ្នកណាហ៊ានថា បើគ្មានថ្ងៃ៧មករា ខ្លួនអាចរួចជីវិតពីរបប ប៉ុលពត?

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ បានអះអាងថា មរតកដំបូងបំផុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយក ជីវិតធ្វើដើមទុននោះ គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឲ្យរស់រានមានជីវិត តាមរយៈថ្ងៃរំដោះ៧ មករា ដែលជាការរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន ប៉ុល ពត។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា តើមាននរណាម្នាក់ដែលហ៊ាន និយាយថា បើទោះបីគ្មានថ្ងៃរំដោះ៧មករា ក៏ខ្លួនអាចមានជីវិត និងរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះដែរ? ប៉ុន្ដែបើទោះបីគ្មាននរណាម្នាក់ហ៊ានអះអាង តែគេបានបំភ្លៃប្រវត្តិសាស្ដ្រមិន ឲ្យប្រជាពលរដ្ឋទទួលស្គាល់ថ្ងៃរំដោះនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងបំផុតកុំភ្លេចអំពីការសង្គ្រោះជីវិត មនុស្សឲ្យរស់រាន់មានជីវិត តាមរយៈថ្ងៃរំដោះ៧មករា បើគ្មានថ្ងៃរំដោះ៧មករា កុំនិយាយអីទៀត និយាយតែពីរឿងងាប់តែម្ដង។ ឥលូវអ្នកណាមួយហ៊ានមកអះអាងថា បើអត់មានថ្ងៃរំដោះ៧មករា អញនៅតែរស់ តើអ្នកណាមួយហ៊ានមកអះអាង ប៉ុន្ដែពួកគេបានបំភ្លៃប្រវត្តិសាស្ដ្រនេះ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា មរតកទី២ របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា គឺការចូលរួមរបស់រដ្ឋាភិបាលអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងដំណើរការស្វែងរកសន្ដិភាព សម្រាប់ប្រទេស កម្ពុជា តាមរយៈការចរចារ តាមរយៈការកសាងឡើងនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តកិច្ចព្រម ព្រៀងទីក្រុងប៉ារីស។

ក្រោយមកទៀត ចូលដល់ដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដូច្នេះមរតកទាំងអស់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពិសេស «សន្ដិភាព» ដែលបានកើតមានឡើង។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើដើម ទុន រំដោះជាតិ និងប្រជាជនចេញពីភ្លើងសង្គ្រាម រហូតមានសុខ សន្ដិភាព និងការអភិវឌ្ឍដូចពេល បច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អ្វីដែលនៅសេសសល់នោះ គឺការបំផ្លាញគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ដើម្បីធានាថាប្រជាជនទទួលបានដីធ្លីប្រកដោយ សុវត្ថិភាពគ្មានគ្រោះថ្នាក់ ឬអ្នកដែលចូលចិត្តដើរកម្សាន្ដក្នុងព្រៃអាចគ្រោះថ្នាក់។ ចំណុចនេះសម្ដេចតេជោ ហ៊ុន សែន អះអាងថា នឹងខិតខំបំផ្លាញចោលឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ខណៈរាជរដ្ឋាភិបាលប្រើប្រាស់ពេល៣០ឆ្នាំហើយដើម្បីរំដោះ ប៉ុន្ដែមិនទាន់អស់ ដោយសារកម្ពុជា ធ្លាប់ត្រូវហែកហួរដោយសង្គ្រោះច្រើនពេក៕